ខេត្តកោះកុង ៖ បុរសជាប្តីម្នាក់ ព្រោះតែមិនចង់ឱ្យប្រពន្ធលំបាក ក៏ប្រឹងចេញទូកទៅនេសាទកណ្តាលសមុទ្រ ហាលខ្យល់ហាលភ្លៀងតែម្នាក់ឯង ដើម្បីរកប្រាក់មកផ្គងផ្គង់ជីវភាពគ្រួសារ ស្រាប់តែប្រពន្ធវ័យក្មេងបែកគំនិត ឆ្លៀតពេលប្តីចេញទៅនេសាទបាត់ ក៏ត្រូវរ៉ូវជាមួយប្អូនថ្លៃ (ប្អូនប្រុសបង្កើតរបស់ប្តី) រហូតដល់ដឹកដៃគ្នាឡើងឋានសួគ៌ រួមរ័កគ្នាយ៉ាងត្រេកត្រអាល ទាំងកណ្តាលថ្ងៃចែស ទីបំផុត បុរសជាប្តីតាមទាន់ផ្ទុះកំហឹង ក៏ស្ទុះទៅដាល់ប្រពន្ធក្បត់ រហូតដល់ប៉ោងមុខ ចំណែកប្អូនប្រុសដែលលូកថ្លើមបងប្រុសបង្កើតបានស្ទុះរត់គេចខ្លួនបាត់ ទាំងភ័យស្លន់ស្លោ។
ករណីប្រពន្ធដឹកដៃប្អូនថ្លៃប្រុសរួមរ័ក ត្រូវប្តីតាមទាន់ផ្ទុះហិង្សានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
បុរសជាប្តីដែលត្រូវប្រពន្ធលួចលាក់មានសហាយស្មន់ជាមួយនឹងប្អូនប្រុសបង្កើតរបស់ខ្លួន មានឈ្មោះមេត សំឡឺង អាយុ២១ឆ្នាំ មុខរបរជាអ្នកនេសាទ។ ចំណែកស្ត្រីជាប្រពន្ធផិតក្បត់ មានអាយុ១៩ឆ្នាំ។ រីឯជនកំហូចដែលហ៊ានលូកថ្លើមបងប្រុសបង្កើតរបស់ខ្លួន (លួចរួមរ័កជាមួយបងថ្លៃស្រី) មានអាយុ១៨ឆ្នាំ មុខរបរកម្មករនេសាទ។ ទាំង៣នាក់ប្តីប្រពន្ធ និងប្អូនប្រុសនេះ ស្នាក់នៅផ្ទះជាមួយគ្នា ក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីបុរសជាប្តី បានរៀបរាប់ទាំងឈឺចិត្តស្អិតទ្រូងថា រូបគេមានតែបងប្អូនប្រុស២នាក់នេះប៉ុណ្ណោះ និងស្រលាញ់គ្នាខ្លាំងណាស់ មិនដែលមានអ្វីធ្វើឱ្យទាស់ចិត្ត ឬអាក់អន់ស្រពន់ចិត្តនឹងគ្នាឡើយ។ ចំណែកប្រពន្ធវិញ រូបគេក៏ស្រលាញ់ខ្លាំងណាស់ដែរ ប៉ុន្តែមិននឹកស្មានដល់សោះថា មនុស្សដែលខ្លួនស្រលាញ់ និងទុកចិត្តបំផុតទាំង២នាក់ បែរជារួមដៃគ្នាក្បត់ចិត្តរូបគេពីក្រោយខ្នង យ៉ាងសាហាវយង់ឃ្នងបែបនេះសោះ ពិតជាធ្វើឱ្យរូបគេឈឺចាប់រកពាក្យអ្វីមកប្រៀបប្រដូចមិនបានឡើយ។
បុរសជាប្តីរូបនេះ បន្តថា រូបគេតែងចេញទៅនេសាទត្រីនៅកណ្តាលសមុទ្រតែម្នាក់ឯងជារៀងរាល់ថ្ងៃ ដោយទុកឱ្យប្រពន្ធនៅចាំផ្ទះ មើលថែខ្លួន និងផ្ទះសំបែំងប៉ុណ្ណោះ ព្រោះរូបគេស្រលាញ់ប្រពន្ធពេក មិនចង់ឱ្យប្រពន្ធលំបាក ឬនឿយហត់ឡើយ។ ស្រាប់តែឱ្យនៅផ្ទះស្រណុកខ្លួន យូរបែរជាជូរមាត់ បែកគំនិតផិតក្បត់ប្តីខ្លួនឯង និងមិនព្រមទៅផិតក្បត់ជាមួយអ្នកណាឆ្ងាយទេ បែរជាមកលួងលាក់សហាយស្មន់ជាមួយប្អូនថ្លៃប្រុសខ្លួនឯងទៅទៀត តើប្រុសណាទ្រាំទប់កំហឹងមួយនេះបាន។
បុរសជាប្តី បានបញ្ជាក់ថា នោមុនពេលកើតហេតុ រូបគេបានចេញទូកទៅនេសាទត្រីនៅសមុទ្រ ដូចសព្វមួយដង លុះល្ងាចឡើង វេលាម៉ោង៥និង២០នាទី រូបគេក៏បានត្រឡប់មកផ្ទះវិញ ស្រាប់តែឈានជើងចូលដល់ផ្ទះ ក៏ប្រទះឃើញប្រពន្ធកំពុងផិតក្បត់ ដេករួមរ័កជាមួយប្អូនប្រុសបង្កើតរបស់រូបគេជាប្តី ធ្វើឱ្យរូបគេស្ទើរក្អួតឈាមស្លាប់ លុះពេលទ្រាំនឹងកំហឹងមិនបាន រូបគេក៏ស្ទុះទៅចាប់វាយប្រពន្ធបណ្តាលឱ្យហើមមុខហើមមាត់តែម្តង។ ចំណែកប្អូនប្រុសបង្កើតរបស់គេវិញ នៅពេលឃើញរូបគេកំពុងវាយប្រពន្ធ ក៏ស្ទុះលោតចេញតាមបង្អួចគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសជាប្តី និងបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕