Wednesday, October 15, 2025
Homeព័ត៌មានជាតិជម្លោះក្នុងគ្រួសារ ប្អូនបង្កើតវ៉ៃប្តីស្លាប់ ប្រពន្ធបង្វែរសាច់រឿងថាគ្រោះថ្នាក់ចរាចរណ៍

ជម្លោះក្នុងគ្រួសារ ប្អូនបង្កើតវ៉ៃប្តីស្លាប់ ប្រពន្ធបង្វែរសាច់រឿងថាគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ បុរសម្នាក់បានអង្គុយផឹកស៊ីនៅមុខបន្ទប់ជួលរបស់ខ្លួន រហូតដល់ស្រវឹងជោកជាំ ក៏ចាប់ផ្តើមរករឿងជេរម្ចាស់ផ្ទះជួល រួចក៏រាលដាលដល់ប្រពន្ធ គាប់ជួនយុវជនជាប្អូនថ្លៃ (ប្អូនបង្កើតរបស់ប្រពន្ធ) មកដល់ខឹង ក៏ជេរតបទៅបុរសជាបងថ្លៃវិញ  ធ្វើឱ្យកើតជាជម្លោះតឹងសរសៃក និងឈានដល់អំពើហិង្សា ដោយយុវជនជាប្អូនថ្លៃបានជ្រុលដៃវ៉ៃបងថ្លៃបណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ក្រោយដឹកទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ និងត្រូវបានភាគីស្ត្រីជាប្រពន្ធមានចេតនាបង្វែរឿងប្រាប់សាច់ញាតិខាងប្តីថា ជាករណីផ្សេង តែទីបំផុត ក៏បែកធ្លាយរឿងរ៉ាវថា តាមពិតជាករណីប្អូនប្រុសវ៉ៃបងថ្លៃបណ្តាលឱ្យស្លាប់។

ករណីប្អូនថ្លៃវ៉ៃបងប្រុសស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិកាកាប២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ទើបបែកធ្លាយរឿងដល់ក្រុមគ្រួសារជនរងគ្រោះ កើតទុក្ខមិនសុខចិត្តប្តឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌។

បុរសរងគ្រោះដែលត្រូវប្អូនថ្លៃវ៉ៃបណ្តាលឱ្យស្លាប់ មានឈ្មោះសូត្រ សំ ហៅត្នោត អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានប្រពន្ធឈ្មោះ យឺន សារៀម អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ និងមានកូនក្នុងបន្ទុកចំនួន៤នាក់ (សុទ្ធតែប្រុស) សព្វថ្ងៃស្នាក់នៅផ្ទះជួលលេខ៣៥ ផ្លូវលំ ភូមិសង្កាត់ កើតហេតុខាងលើ។ ចំណែកជនដៃដល់ជាប្អូនថ្លៃ មានឈ្មោះយឺន សំអូន អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា ក្រោយកើតហេតុបានគេចខ្លួនបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយផឹកស៊ីនៅមុខបន្ទប់ជួលរបស់ខ្លួន លុះពេលផឹកស្រវឹង ស្រាប់តែបានស្រែកជេរម្ចាស់ផ្ទះជួល បន្ទាប់មកក៏រាលដាលដល់ប្រពន្ធ ធ្វើឱ្យកើតជាជម្លោះនឹងគ្នា ស្របពេលនោះ ជនដៃដល់ជាប្អូនថ្លៃ បានជិះម៉ូតូវិលមកពីទិញនំបញ្ចុកវិញ ឃើញបងស្រីបង្កើតរបស់ខ្លួនកំពុងឈ្លោះប្រកែកគ្នាជាមួយបងថ្លៃជាប្តី ក៏ឈប់ម៉ូតូជេរទៅលើបងថ្លៃ។ បន្ទាប់មក ក៏ឈានដល់អំពើហិង្សាកើតជាការប្រតាយប្រតប់គ្នា និងត្រូវបានជនដៃដល់ជាប្អូនថ្លៃ បានវាយទាត់ធាក់ទៅលើជនរងគ្រោះជាបងថ្លៃ រហូតដល់រងរបយសធ្ងន់ និងផ្អើលដល់អ្នកជិតខាង ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកពោធិចិនតុង ស្រាប់តែអកុសល ពេលដឹកទៅដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅ ចំណែកជនដៃដល់ ពេលដឹងថា បងថ្លៃស្លាប់ហើយ ក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។

ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុ ស្ត្រីជាប្រពន្ធបានដឹកសពប្តីត្រឡប់មកផ្ទះជួលវិញ រួចក៏ទូរស័ព្ទទៅប្រាប់សាច់ញាតិរបស់ប្តី ដើម្បីឱ្យបានដឹងថា ប្តីស្លាប់ហើយ ឱ្យឡើងមករៀបចំធ្វើបុណ្យសព និងបានព្យាយាមបង្វែងដានថា ប្តីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។

តាមសម្តីសាច់ញាតិរបស់ជនរងគ្រោះជាប្តី បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ពួកគាត់បានទទួលដំណឹងពីសាច់ញាតិខាងប្រពន្ធថា ជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកស្លាប់។ លុះបន្ទាប់មក ស្ត្រីជាប្រពន្ធក៏ទូរស័ព្ទមកប្រាប់ថា ប្តីរបស់នាង (ជនរងគ្រោះ) ខ្យល់គរធ្លាក់ពីលើកង់បីស្លាប់ទៅវិញ។ យ៉ាងណា ក្រុមគ្រួសារនៅពេលទទួលបានដំណឹងក្រៀមក្រំបែបនេះ មិនបានគិតអ្វីវែងឆ្ងាយទេ ក៏ប្រញាប់ធ្វើដំណើរឡើងមកពីស្រុកឧដុង្គទាំងយប់ ដើម្បីជួយចាត់ចែងបុណ្យសពឱ្យជនរងគ្រោះ ហើយក៏មិនបានចាប់អារម្មណ៍ស្លាកស្លាមនៅលើដងខ្លួនសពនោះដែរ។

ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅពេលរៀបចំលើកសពដាក់ចូលក្នុងក្តារមឈូស ក៏ប្រទះឃើញសាកសពមានស្លាកស្នាមមិនប្រក្រតី ដោយពោរក្បាល និងមានស្នាមរបួសលើដងខ្លួនច្រើនទៀត ទើបមានការសង្ស័យក៏សាកសួរ ស្រាប់តែអ្នកប្រាប់ហាក់បីដូចជាលាក់លៀម ទើបធ្វើឱ្យក្រុមគ្រួសារសង្ស័យកាន់តែខ្លាំង ក៏សម្រេចប្តឹងប៉ូលិសចុះមកពិនិត្យតែម្តង ទីបំផុត ក៏បែកធ្លាយរឿងទៅជាជនរងគ្រោះស្លាប់ដោយសារអំពើហិង្សា ត្រូវប្អូនថ្លៃវ៉ៃទៅវិញ មិនមែនជួបគ្រោះថ្នាក់ចរាចរណ៍ដូចការលើកឡើងនោះឡើយ។

តាមប្រភពពីសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យសពរួច ឃើញថា ក្បាលរបស់សពមានស្លាកស្នាមជាំ ដោយទទួលរងជាមួយវត្ថុរឹង ទើបបង្កឱ្យរបួសធ្ងន់ រហូតដល់ស្លាប់។ ក្រោយពីបែកធ្លាយរឿងរ៉ាវ និងដឹងថា ស្ត្រីជាប្រពន្ធជនរងគ្រោះ ក៏ស្ថិតនៅក្នុងហេតុការណ៍ហិង្សានោះដែរ ទើបសមត្ថកិច្ចសម្រេចនាំស្ត្រីជាប្រពន្ធទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប២ ខណៈដែលជនដៃដល់ត្រូវជាប្អូនថ្លៃ បានរត់គេចខ្លួនបាត់ស្រមោលទៅហើយ។

 

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នាងទើបនឹងចេញមកពីប្រជុំបក្សវិញ មកដល់ផ្ទះរៀបចំអីវ៉ាន់លក់ដូរបានមួយសន្ទុះ ស្រាប់តែប្តីមកដល់ មានភាពស្រវឹងខ្លាំង ហើយក៏ជេរម្ចាស់ផ្ទះជួលឈ្មោះសាយ មម ភេទប្រុស ថា “អាមេឆ្កួត ពេលគេវ៉ៃអញ ឯងអត់ជួយទេ…” និងពាក្យជាច្រើនទៀត រហូតដល់ឈ្មោះសាយ មម ទ្រាំលែងបាន ក៏ស្ទុះយកអំបោសផ្កាស្មៅដងឬស្សី វាយប្តីរបស់នាង១ដំបង ត្រូវខ្លួន បន្ទាប់មកឈ្មោះសាយ មម ក៏ចូលក្នុងផ្ទះគាត់វិញទៅ។ ចំណែកប្តីរបស់នាងនៅតែជេរដដែល បន្ទាប់មកមានបុរសម្នាក់ឈ្មោះ  លាក់ អាយុប្រហែល២០ឆ្នាំជាង បានមកទះកំផ្លៀងប្តីរបស់នាង១ដៃដែរ រួចនិយាយថា ឯងពូកែណាស់ខាងគោះទ្វារផ្ទះអញពេលយប់ រួចក៏ដើរចេញទៅបាត់។

ស្ត្រីជាប្រពន្ធរូបនេះ បន្តថា គាប់ជួនពេលនោះ ប្អូនប្រុសបង្កើតរបស់នាង ឈ្មោះយឺន សំអូន (ជនដៃដល់) បានមកដល់ក៏ជេរ ហើយទាត់ និងវាយក្បាលប្តីរបស់នាង បណ្តាលឱ្យដួល ទើបម្ចាស់ផ្ទះ និងអ្នកជិតខាងបាននាំគ្នាជួយលើកប្តីនាងដាក់លើម៉ូតូកង់បី ដឹកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង តែពេលទៅដល់ គ្រូពេទ្យពិនិត្យប្រាប់ថា ប្តីរបស់នាងស្លាប់បាត់ហើយ។ ចំណែកប្អូនប្រុសរបស់នាង ឈ្មោះយឺន សំអូន មិនដឹងគេចខ្លួនទៅណានោះទេ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យឈ្មោះយឺន សំអូន ដើម្បីនាំយកមកសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES