ខេត្តស្វាយរៀង ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ កំពុងអង្គុយចាំដឹកម៉ូយសុខៗ ស្រាប់តែត្រូវជនសង្ស័យម្នាក់បានដើរមកតថ្លៃម៉ូតូជិះ លុះធ្វើដំណើរទៅដល់កន្លែងស្ងាត់ ក៏ស្រាប់តែធ្វើសកម្មភាពចាប់អារកបុរសជាអ្នករត់ម៉ូតូឌុប រួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ចំណែកបុរសរងគ្រោះជាម្ចាស់ម៉ូតូទទួលរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ
ករណីអារកប្លន់ម៉ូតូខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភ្លឺប្រឡាយ ស្ថិតក្នុងភូមិនាងចាន់ ឃុំជ្រុងពពេល ស្រុករំដួល។
បុរសរងគ្រោះដែលត្រូវជនសង្ស័យចាប់អារកប្លន់យកម៉ូតូ មានឈ្មោះរ៉េន សារ៉ន អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L-1710។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ (ជនរងគ្រោះ) ដែលប្រកបរបររត់ម៉ូតូឌុប បានចេញទៅរត់ឌុបដូចសព្វដង បន្ទាប់មក គាត់ក៏បានទៅអង្គុយចាំដឹកម៉ូយនៅចំណុចក្លោងទ្វារវត្តស្វាយជ្រំ លុះបន្តិចក្រោយមក ស្រាប់តែមានជនសង្ស័យមិនស្គាលមុខម្នាក់បានដើរមកជិត ហើយនិយាយតថ្លៃជាមួយប្តីរបស់គាត់ទៅស្រុករំដួល បន្ទាប់មកក៏ឃើញឌុបដឹកចេញទៅទិសខាងកើតបាត់តែម្តង។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា រហូតមកដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែល ស្រាប់តែមានសមត្ថកិច្ចទូរស័ព្ទមកប្រាប់គាត់ជាប្រពន្ធថា ប្តីគាត់ត្រូវជនសង្ស័យអារកប្លន់យកម៉ូតូ នៅត្រង់ចំណុចប្រឡាយទឹកក្នុងភូមិនាងចាប់ ឃុំជ្រុងពពេល ស្រុករំដួល ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបន្សល់ទុកសម្ភារៈនៅកន្លែងកើតហេតុ រួមមាន កាបូបដាក់ខោអាវ កាំបិត១ ព្រមទាំងស្រោមកាំបិត១ផងដែរ។ ដោយឡែក ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីររពេទ្យបង្អែកស្វាយរៀង ភ្លាមៗ ដើម្បីសង្គ្រោះជីវិត។
ជុំវិញករណីអារកប្លន់បុរសអ្នករត់ម៉ូតូឌុបយ៉ាងឃោរឃៅខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕