ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយជាច្រើនឆ្នាំមកហើយ និងធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួន ដោយយកកាំបិតអារកខ្លួនឯងដល់ទៅ៣ដង ប៉ុន្តែមិនបានសម្រេច ដោយសារតែត្រូវបានសាច់ញាតិប្រទះឃើញ ជួយសង្គ្រោះទាន់ពេលរហូត លុះចុងក្រោយ ក្រោកពីដំណេកពាក់កណ្តាលអធ្រាត្រ ក៏រត់ទៅចងកសម្លាប់ខ្លួននៅលើដើមក្រសាំង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចដើមក្រសាំងខាងត្បូងផ្ទះជនរងគ្រោះ ចម្ងាយប្រហែល៤០ម ស្ថិតក្នុងភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។
បុរសដែលប៉ុនប៉ងអារកសម្លាប់ខ្លួន៣ដងមិនសម្រេច បែរជារត់ទៅចងកធ្វើអត្តឃាតរូបនេះ មានឈ្មោះប៉ៅ ស្រី អាយុ៣៥ឆ្នាំ ជាមនុស្ស មានជំងឺសរសៃប្រសាទ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីលោកយាយឈ្មោះណែន អ៊ិះ អាយុ៧៤ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) បានកើតមានជំងឺសរសៃប្រសាទរយៈពេល៣ឆ្នាំមំកហើយ ដោយសារតែផឹកស្រាជាប់ជាប្រចាំរហូតដល់ក្តៅខួរ ក្លាយជាមានបញ្ហាសរសៃប្រសាទតែម្តង្ត។
លោកយាយជាម្តាយជនរងគ្រោះ បន្តថា កន្លងមក នៅពេលដែលស្ថានភាពជំងឺធ្វើទុក្ខ កូនប្រុសនេះ ចេះតែរត់ចេញពីផ្ទះ និងត្រូវបានបងប្អូនដេញតាមចាប់នាំមកផ្ទះវិញ។ មិនតែប៉ុណ្ណោះ កូនប្រុសនេះធ្លាប់យកកាំបិតអារកខ្លួនឯងប៉ងសម្លាប់ខ្លួន ចំនួន៣ដងរួចមកហើយ ដោយកាលពីគេនៅធ្វើការក្នុងស្រុកថៃម្តង និងនៅផ្ទះចំនួន២ដងទៀត ប៉ុន្តែត្រូវបានបងប្អូនសាច់ញាតិ ប្រទះឃើញជួយទាន់ពេលរហូត។ ហើយមានពេលកូនប្រុសនេះ បានរត់ចេញពីផ្ទះដើរដល់ឃុំរហាល និងត្រូវបានសមត្ថកិច្ចចាប់ទុកប្រគល់ឱ្យសាច់ញាតិយកមកផ្ទះវិញក៏មាន ហើយមួយរយៈចុងក្រោយនេះ កូនប្រុសគាត់មិនបានលេបថ្នាំឱ្យជាប់លាប់នោះទេ។
លោកយាយជាម្តាយរូបនេះ បានបញ្ជាក់ថា លុះមកដល់វេលាម៉ោង១១យប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ កូនប្រុសរបស់គាត់ (ជនរងគ្រោះ) ម្តងឡើងដេកលើគ្រែ ម្តងចូលដេកក្រោមគ្រែ ទើបគាត់បានប្រាប់កូនប្រុសថា ឱ្យឡើងដេកលើគ្រែទៅ កុំដេកក្រោមគ្រែអីមិនល្អទេ។ លុះដេកបានបន្តិច កូនប្រុសគាត់ក៏ក្រោកទៅផឹកទឹក រួចទៅអង្គុយលើកន្ទុយគោយន្តកន្ត្រៃក្រោមផ្ទះ។ រហូតដល់ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ គាត់បានហៅកូនប្រុសឱ្យមកដេកក្នុងផ្ទះ កុំអង្គុយកន្លែងនោះ ស្រាប់តែភ្លាមនោះ កូនប្រុសបានកាន់ខ្សែនីឡុងពណ៌លឿងមួយចង្វាយ រត់សំដៅទៅទិសខាងត្បូងផ្ទះបាត់ ភ្លាមនោះ គាត់បានស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយតាមរកកូនប្រុស ស្រាប់តែមកដល់វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រថ្ងៃដដែល ក៏ប្រទះឃើញកូនប្រុសបានចងកសម្លាប់នៅលើដើមក្រសាំងខាងត្បូងផ្ទះបាត់ទៅហើយ។
លោកយាយជាម្តាយរូបនេះ បានអះអាងថា គាត់ទទួលស្គាល់ថា កូនប្រុសរបស់គាត់ម្នាក់នេះ ពិតជាបានចងកសម្លាប់ខ្លួនមែន ពោលគឺ មិនមានពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពមានស្នាមក្រវ៉ាត់ជាំខ្មៅ ព័ទ្ធទៅក្រោយទងត្រចៀកទាំងសងខាង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែនីឡុងពណ៌លឿង ចងកលើដើមក្រសាំង កម្ពស់៤,៦០ម៉ែត្រ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕