Wednesday, October 15, 2025
Homeព័ត៌មានជាតិបងថាទៅទិញកាហ្វេមួយភ្លែត យកទាំងម៉ូតូអូនទៅបាត់ឈឹង

បងថាទៅទិញកាហ្វេមួយភ្លែត យកទាំងម៉ូតូអូនទៅបាត់ឈឹង

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ ត្រូវបានយុវជនជាសង្សារណាត់ជួបដើរលេង ប៉ុន្តែឱ្យនាងយកម៉ូតូទៅទទួល ដោយប្រាប់ថា គ្មានអ្វីជិះទេ លុះខាងស្រីនឹកថា​ សង្សារជាមនុស្សទៀងត្រង់ ស្មោះសនឹងស្នេហា ក៏បើកម៉ូតូទៅជួបប្រុសស្នេហ៍ រួចដឹកគ្នាដើរលេងអស់ចិត្ត ក៏ប្រើល្បិចខ្ចីម៉ូតូស្រីស្នេហ៍ ទៅទិញកាហ្វេផឹក រួចក៏ស៊ីដាច់ម៉ូតូបាត់ លែងត្រឡប់មកវិញ ជាហេតុធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្ត រត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីស្រីស្នេហ៍រត់មកប្តឹងសមត្ថកិច្ចឱ្យជួយតាមចាប់ប្រុសស្នេហ៍ជើងល្អស៊ីដាច់ម៉ូតូរបស់នាងបាត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

យុវតីរូបស្រស់ដែលត្រូវប្រុសស្នេហ៍ឆបោក យកម៉ូតូ១គ្រឿងនោះ សុំមិនបង្ហាញអត្តសញ្ញាណនោះទេ។ ចំណែកជនសង្ស័យជាប្រុសស្នេហ៍ហេងស៊យ មានឈ្មោះពីពី អាយុ១៩ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បានទទួលពាក្យបណ្តឹងពីយុវតីម្នាក់ ដែលបានប្តឹងយុវជនជាសង្សាររបស់នាង ឈ្មោះពីពី ថា បានប្រើល្បិចឆបោកយកម៉ូតូរបស់នាង ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GN-0264។

យុវតីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នាងត្រូវបានប្រុសស្នេហ៍ ណាត់ជួបដើរលេង ដោយប្រាប់ថា គេអត់មានម៉ូតូជិះទេ ឱ្យនាងយកម៉ូតូទៅទទួលគេផង។ បន្ទាប់មក នាងក៏បានបើកម៉ូតូហុងដាឌ្រីម ទៅទទួលប្រុសស្នេហ៍ បំណងដើរលេងកោះពេជ្រ លុះពេលធ្វើដំណើរចេញពីម្តុំស្ថានីយបូមទឹកបឹងទំពុន មកដល់នៅចំណុចផ្ទះលេខ៤១បេ ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជនសង្ស័យជាសង្សារបានឈប់ម៉ូតូ រួចប្រើឱ្យនាងចុះទៅទិញថ្នាំពេទ្យឱ្យគេ ដោយឱ្យលុយមកនាង ចំនួន៨ពាន់រៀល រួចហើយជនសង្ស័យបានប្រើល្បិចប្រាប់នាងថា ទៅទិញកាហ្វេនៅខាងមុខផឹកមួយភ្លែត រួចក៏បើកម៉ូតូរបស់នាងចេញទៅ បាត់ឈឹងលែងត្រឡប់មកវិញតែម្តង។

ដោយដឹងខ្លួនថា ចាញ់បោកសង្សារ ទើបនាងសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនឈ្មោះពីពី នេះ យកមកដោះស្រាយគ្នាតាមច្បាប់៕

RELATED ARTICLES