តាមប្រភពព័ត៌មាន Goal.Com ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១១ មិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធឆ្នើមតែមួយគត់របស់អាហ្សង់ទីន បានប្រកាសចូលនិវត្តន៍ជាលើកទី២ ក្រោយពីបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក២០១៨។
កីឡាករ Messi បាននិយាយថា គាត់អាចព្យួរស្បែកជើងក្រុមជម្រើសជាតិ ប៉ុន្តែវាអាស្រ័យទៅលើលទ្ធផលការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី។
កាលពីឆ្នាំ២០១៦ កីឡាករ Messi បានប្រកាសចូលនិវត្តន៍ម្តងរួចមកហើយ តែត្រូវសហព័ន្ធ និងប្រជាពលរដ្ឋទទូចសុំឱ្យវិលត្រឡប់ចូលជួយក្រុមវិញ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត The Sport កីឡាករម៉េសស៊ី បាននិយាយថា ខ្ញុំមិនទាន់ច្បាស់ទេ វាអាស្រ័យទៅលើលទ្ធផលដែលបានយើងបានទទួល។
ក្រុមជម្រើសជាតិអាហ្សង់ទីនស្ថិតនៅពូល D ដែលមានក្រុមអ៊ីស្លង់ ក្រូអាស៊ី និងនីហ្សេរីយ៉ា។
បើកឆាកដំបូងអាហ្សង់ទីន ត្រូវជួបជាមួយក្រុមអ៊ីស្លង់ នៅថ្ងៃសៅរ៍ ទី១៦ ខែមិថុនា បន្ទាប់មកជួបជាមួយក្រូអាស៊ី ថ្ងៃទី២២ និងចុងក្រោយ ប៉ះជាមួយនីហ្សេរីយ៉ា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨៕