Sunday, November 17, 2024
Homeតារាខ្មែរលោកច័ន្ទរិទ្ធ មេធានី ទម្លាយមូលហេតុចាកចេញពីសិល្បៈ ព្រោះតែរឿងបែបនេះសោះ

លោកច័ន្ទរិទ្ធ មេធានី ទម្លាយមូលហេតុចាកចេញពីសិល្បៈ ព្រោះតែរឿងបែបនេះសោះ

ភ្នំពេញ ៖ លោកច័ន្ទរិទ្ធ មេធានី អតីតតារាភាពយន្តដែលធ្លាប់មានឈ្មោះបោះសំឡេង កាលពីជំនាន់ទសវត្សឆ្នាំ1990 នោះ បានបាត់មុខសូន្យឈឹងពីពិភពសិល្បៈ  ពេលនេះលោកបានបង្ហើបមូលហេតុដែលនាំឲ្យលោកចាកចេញពីសិល្បៈ ហើយបានប្រាប់ឲ្យថៅកែផលិតកម្មនានា និងតារាស្រីក្មេងៗ លះបង់ឥរិយាបថ ដើម្បីលើកកម្ពស់វិស័យសិល្បៈភាពយន្ត។

ឆ្លើយតបសំណួរថា ហេតុអ្វីបានជាច័ន្ទរិទ្ធ មេធានី ចាកចេញពីសិល្បៈ ដូរអាជីពជាអ្នករត់ម៉ូតូកង់3?

លោកច័ន្ទរិទ្ធ មេធានី ស្រាប់តែទម្លាក់ទឹកមុខក្រៀមក្រំមួយរំពេច រួចឆ្លើយយ៉ាងសុភាពថា មកពីមានបញ្ហាលុយកាក់ខ្លៗ ដោយសារពេលចេញទៅថតម្តងៗ ដែលជួនកាលថតពេញ1ថ្ងៃ ឬឆ្លងដល់យប់ក៏មានដែរ ឯលុយកាក់វិញ វាមិនសមនឹងកម្លាំងពលកម្មសោះ ហើយក៏មានថៅកែផលិតកម្មខ្លះ បានចំណាយទុនក្នុងការផលិតតិចតួចស្តួចស្តើងពេក រហូតដល់ថ្នាក់ជំពាក់លុយសម្តែងរយៈពេលយូរ ជួនកាលមិនឱ្យតែម្តង លុះទៅទារលុយ គាត់មិនព្រមឱ្យ បានទាំងគំរាមថា បើនៅតែតាមទារបែបនេះទៀត គាត់ឈប់ហៅថតទៀតហើយ អាចនឹងរកតួថ្មីទៀតជំនួស ព្រោះមិនខ្វះទេតួសម្តែង។ ដល់ថៅកែចេញក្បួនបែបនេះ ធ្វើឱ្យលោកទទួលអារម្មណ៍មិនល្អ តូចចិត្តនឹងវាសនាខ្លួន ដែលកើតមកស្រលាញ់សិល្បៈ បែរជាក្លាយទៅជាអ្នកស៊ីឈ្នួលបម្រើសិល្បៈទៅវិញ។

អតីតតារាសម្តែងរូបនេះ បានឱ្យដឹងទៀតថា កត្តាមួយទៀតដែលនាំឱ្យលោកដើរចេញ ក៏ដោយសារលោកដើរតួឪពុកបានទៅដល់ទីតាំងថតមុនគេ ដោយអង្គុយរង់ចាំតួឯកស្រីដែលដើរតួជាកូន។ តួឯកស្រីនោះ ដោយអាងខ្លួន ជាតួដែលមិនអាចខ្វះបាន ទុកឱ្យតួឪពុកអង្គុយរង់ចាំរាប់ម៉ោងក៏មាន ដែលទង្វើនេះ គឺមិនល្អទេ លុះមានការប៉ះសម្តីគ្នាតិចតួចពីរឿងទៅថតមិនទាន់ពេលវេលា ក៏ធ្វើឱ្យកើតមានបញ្ហាផ្លូវចិត្តខ្លះៗ ប៉ះពាល់ដល់ការសម្តែង នាំឱ្យសម្តែងមិនសូវបានល្អ។ កត្តាទាំងអស់នេះហើយ ជាហេតុនាំឱ្យរូបលោកទទួលអារម្មណ៍មិនល្អ ព្រោះខ្លូនកាន់តែចាស់ គេឱ្យដើរតួជាឪពុក ត្រូវតួស្រីចាត់ទុកជាតួមិនសំខាន់ គឺមានតែដកថយប៉ុណ្ណោះ។  ទោះយ៉ាងណា លោកធ្លាប់មាននិស្ស័យសិល្បៈ មិនដាច់ចិត្តបោះបង់សិល្បៈនោះទេ បើមានការកែលម្អពីរឿងសីលធម៌ ក៏ដូចជារឿងប្រាក់កម្រៃសមស្របនោះ លោកនឹងចូលប្រឡូកជាថ្មីឡើងវិញ ទោះជាត្រូវដើរតួអ្វី ក៏អាចសម្តែងបានទាំងអស់។

ជាចុងក្រោយ លោកច័ន្ទរិទ្ធ មេធានី សំណូមពរដល់ថៅកែផលិតកម្មនានា ដែលធ្លាប់មើលងាយសិល្បករ ក៏ដូចជាតួក្មេងៗស្រវឹងនឹងរូបសម្បត្តិរបស់ខ្លួន មេត្តាបោះបង់ឥរិយាបថនេះចេញ ដើម្បីលើកកម្ពស់វិស័យសិល្បៈភាពយន្ត ឱ្យមានគុណភាព។ សព្វថ្ងៃក៏មានមិត្តភក្តិរួមជំនាន់ខ្លះបោះបង់សិល្បៈដូចរូបលោកដែរ ព្រោះតែប៉ះពាល់សតិអារម្មណ៍ ដូចរៀបរាប់ខាងលើនេះ ជាហេតុនាំឱ្យវិស័យភាពយន្តងើបមិនរួចដូចប្រទេសជិតខាង។

ដោយឡែក មិត្តភក្តិដែលធ្លាប់ស្គាល់លោក ច័ន្ទរិទ្ធ មេធានី បានប្រាប់ថា កាលនៅក្មេង លោកមេធានី ស្រស់សង្ហាណាស់ រហូតមានទស្សនិកជនស្រីៗខ្លះ ឬសព្វថ្ងៃគេហៅថា ហ្វេន (Fan) យករូបថតលោកទៅបិទជញ្ជាំងបន្ទប់ ទុកមើល ដោយសេចក្តីស្រឡាញ់ចូលចិត្តទៀតផង។ ឥឡូវលោកមានអាយុ56ឆ្នាំទៅហើយ គួរតែនៅបន្តការសម្តែងជាតួឪពុកតទៅទៀត  បែរជាងាកមករកស៊ីរត់ម៉ូតូកង់3ទៅវិញ ធ្វើឱ្យបាត់បង់ធនធានសិល្បៈម្នាក់ ដ៏មានទេពកោសល្យ៕

RELATED ARTICLES