Sunday, January 19, 2025
Homeសង្គម និងជីវិតព្រោះតែអត់កូន ប្តីប្រពន្ធរៀបចំបង្កក់កូនគោ ផ្អើលពេញភូមិ

ព្រោះតែអត់កូន ប្តីប្រពន្ធរៀបចំបង្កក់កូនគោ ផ្អើលពេញភូមិ

ខេត្តកំពង់ចាម ៖ កូនគោ១ក្បាលនេះ ពិតជាមានសំណាងធំណាស់ ដែលត្រូវម្ចាស់រៀបចំពិធីបង្កក់សិរីឱ្យប្រៀបបាននឹងពិធីបង្កក់កូន (មនុស្ស) ដែរ ដោយមានតាំងពីការអញ្ជើញភ្ញៀវចូលរួម និងរៀបចំសង់រោងយ៉ាងល្អឆើតឆាយ ព្រមទាំងមានជួលតុចិនសម្រាប់ទទួលភ្ញៀវពិសា ភោជនាហាយ៉ាងអធិកអធមទៀតផង ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញភូមិ ពិសេសមានការបង្ហោះចែករំលែកផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

យោងតាមគណនីហ្វេសប៊ុកឈ្មោះជួប ភក្តី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានបង្ហោះរូបភាពចំនួន៣សន្លឹក បង្ហាញពីការរៀបចំពិធីបង្កក់កូនគោមួយក្បាល ព្រមទាំងបង្ហោះសារខ្លីមួយថា “ពិធីបង្កក់កូនគោ ថ្ងៃទី១៨-០៦-២០១៨…”។

តាមរយៈរូបថតទាំង៣សន្លឹក ដែលម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហោះ គេឃើញ រូបថត១សន្លឹក បង្ហាញពីរូបកូនគោពណ៌ខ្មៅ ដែល ត្រូវបានគេដាក់តាំងនៅខាងមុខរោងប្រារឰពិធី ប្រៀបបាននឹងការតាំងរូបថតកូនកំលោះកូនក្រមុំនៅខាងមុខរោងការដូចច្នោះដែរ។

ចំណែករូបថត ១សន្លឹកទៀត បង្ហាញពីទិដ្ឋភាពរោងបង្កក់កូនគោ ដែលត្រូវបានរៀបចំលម្អពីមុខរោងដោយផ្កាភ្ញី ព្រមទាំងមានក្រាលកម្រាលព្រំ និងរៀបចំតុ យ៉ាងល្អស្អាត សម្រាប់ទទួលភ្ញៀវចូលរួមពិសាភោជនាហាផងដែរ។ ដោយឡែករូបថតទី៣ បង្ហាញពីលិខិតអញ្ជើញ ដែលមានខ្លឹមសារថា “សិរីសួស្តីពិធីខួបអាពាហ៍ពិពាហ៍ និងបង្កក់កូនគោ សូមគោរពអញ្ជើញ ថ្ងៃច័ន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល នៅគេហដ្ឋានយើងខ្ញុំ ភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម…”។

ក្រោយការបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញមានអ្នកចែករំលែកតៗគ្នាជាច្រើន ព្រមទាំងមានអ្នកសួរនាំពីរឿងរ៉ាវខាងលើនេះយ៉ាងច្រើនផុលផុស និងចង់ដឹងថាតើជារឿងពិតឬយ៉ាងណា?

ជាការឆ្លើយតប ម្ចាស់គណនីហ្វេសប៊ុកឈ្មោះជួប ភក្តី បានអះអាងថា ពិធីបង្កក់កូនគោនេះ គឺជារឿងពិត ដោយសារតែប្តីប្រពន្ធជាម្ចាស់គោនេះ ពួកគាត់មិនមានកូន ទើបស្របពេលដែលពួកគាត់ប្រារឰខួបអាពាហ៍ពិពាហ៍ ក៏សម្រេចធ្វើពិធីបង្កក់កូនគោពូជនេះតែម្តង។

ម្ចាស់គណនី ជួប ភក្តី បញ្ជាក់ថា “គាត់អត់មានកូនទេ ដល់ចឹងហើយ គាត់ធ្វើខួបអាពាហ៍ពិពាហ៍ ហើយបង្កក់គោពូជ នឹងហ្មងទៅ…”។

ជាមួយនឹងការភ្ញាក់ផ្អើលចំពោះពិធីបង្កក់កូនគោខាងលើនេះ ក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានចូលរួមបញ្ចោញយោបល់ក្នុងន័យហួសចិត្ត និងលេងសើចថា “ពិធីបង្កក់កូនគោ ចឹងគួរតែហៅភ្ញៀវគោគ្នាឯងឱ្យចូលរួមទៅ កុំហៅមនុស្ស…” “ចឹងមិនបាច់ដាក់ម្ហូបទេ ដាក់តែស្មៅឱ្យភ្ញៀវហូប ទៅបានហើយ…” “គេចងស្មៅខ្ចី ពេលទៅញ៉ាំ យកម្នាក់មួយការ៉ុង ទៅឱ្យហើយ…”។

យ៉ាងណាក្តី ក៏មានអ្នកលើកឡើងថា បានជាម្ចាស់គោរៀបចំពិធីបែបនេះ ក៏ប្រហែលជាមានអ្វីពិសេសសម្រាប់ពួកគាត់ហើយ មិនមែននៅសុខៗនឹកឃើញរៀបចំពិធីបែបនេះឡើយ។

ដោយឡែក អ្នកខ្លះបានលើកសរសើរថា គោ១ក្បាលនេះ ពិតជាមានសំណាងខ្លាំងណាស់ ដែលត្រូវ ម្ចាស់ស្រលាញ់ប្រៀបបាននឹងកូន និងថែមទាំងរៀបចំពិធីបង្កក់សិរីឱ្យទៀតផង៕

RELATED ARTICLES