ខេត្តស្វាយរៀង ៖ នារីវ័យក្មេងម្នាក់ ព្រោះតែមានវិបត្តិផ្លូវចិត្ត កើតមកគ្មានម្តាយមើលថែ រស់នៅកំព្រាឯកា គ្មានទីពឹង ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិ ព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍។
នារីវ័យក្មេងគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះជុត ណារី អាយុ១៧ឆ្នាំ មានលំនៅភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីអ្នកស្រុកភូមិ បានឱ្យដឹងថា ក្មេងស្រីខាងលើនេះ មានវាសនាអភ័ព្វខ្លាំងណាស់ កំព្រាឯកាតាំងពីតូច កើតមកមិនមានម្តាយ នៅមើលថែ ផ្តល់ភាពកក់ក្តៅដូចកូនគេដទៃទៀតសោះ ទុកឱ្យនាងរស់នៅតែម្នាក់ឯង រហូតដល់យូរៗទៅ ធុញទ្រាន់នឹងជីវិតឯកោបែបនេះ ក៏ដាច់ចិត្តគិតខ្លីតែម្តង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ យុវតីខាងលើ តែងតែពោលពាក្យប្រាប់អ្នកភូមិ រួមនឹងមិត្តភក្តិរបស់នាងថា ជាតិនេះនាងកើតមកអភ័ព្វខុសគេ មិនដឹងថា ជាតិមុនសាងកម្មអ្វី បានជាជាតិនេះ គ្មានម្តាយមើលថែ ផ្តល់ភាពកក់ក្តៅឱ្យសោះ ធ្វើឱ្យជីវិតរបស់នាងរស់នៅ ហាក់គ្មានន័យអ្វីទាំងអស់ ហើយបើបែបនេះ នាងស្លាប់ទៅល្អជាង ព្រោះមិនចង់រស់នៅក្នុងសភាពឯកាបែបនេះទេ។ ស្រាប់តែមិនបានប៉ុន្មានផង យុវតីរូបនេះ បានដាច់ចិត្តចងកសម្លាប់ខ្លួនមែន ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា យុវតីរូបនេះពិតជាចងកធ្វើអត្តឃាត ប្រាកដមែន ដោយប្រើអាវខូវប៊យដៃវែង ចងកភ្ជាប់នឹងមែកស្វាយចន្ទី ស្ថិតនៅខាងត្បូងផ្ទះរបស់នាងប្រហែល២៥០ម៉ែត្រ។ មូលហេតុ ដោយសារតែ យុវតីរូបនេះតូចចិត្តខ្លួនកំព្រាម្តាយ រស់នៅឯកា។
សាកសពយុវតីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕