Sunday, January 19, 2025
Homeសង្គម និងជីវិតចាប់ខ្លួនស្ត្រីជាប់ចោទ រត់ចេញពីគុក៧ខែ ពេលសម្រាលកូន

ចាប់ខ្លួនស្ត្រីជាប់ចោទ រត់ចេញពីគុក៧ខែ ពេលសម្រាលកូន

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានជាប់ចោទពីបទអូសទាញពេស្យាចារកុមារ និងត្រូវបានជាប់ឃុំខ្លួនក្នុងពន្ធនាគារមួយរយៈ ក៏ដល់ថ្ងៃឈឺពោះសម្រាល ទើបត្រូវមន្ត្រីអនុរក្សពន្ធនាគារ ដឹកបញ្ជូនទៅសម្រាលនៅមន្ទីរពេទ្យ ស្រាប់តែធ្វេសប្រហែសបន្តិច ស្ត្រីជាប់ចោទរូបនេះ ក៏រត់គេចខ្លួន បាត់ និងព្យាយាមលាក់ខ្លួនពួនអាត្មា អស់រយៈពេល៧ខែ ទើបសមត្ថកិច្ចស្រាវជ្រាវរកឃើញ ចាប់ខ្លួនតាមដីកាតុលាការ។

ប្រតិបត្តិការចាប់ខ្លួនស្ត្រីជាប់ចោទ ដែលរត់ចេញពីគុកសម្ងំលាក់ខ្លួនអស់រយៈពេល៧ខែនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

ស្ត្រីជាប់ចោទ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះជា សុខធី អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ឱ្យដឹងថា ការចាប់ខ្លួនស្ត្រីជាប់ចោទខាងលើនេះ អនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ០០១ អ.យ.ក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ចេញដោយលោកគុជ គីមឡុង ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពីបទអំពើអូសទាញពេស្យាចារកុមារ ប្រព្រឹត្តនៅចំណុចអាផាតមេនឌីអឹម ផ្លូវ៤៧០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីដើមឆ្នាំ២០១៧។

លោកអធិការរងនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់បន្ថែមថា ស្ត្រីជាប់ចោទឈ្មោះជា សុខធី ត្រូវបានឃុំខ្លួនតាមដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ៣២២៥ “ទ” ដ.ឃ.ដ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្ត្រីអនុរក្សពន្ធនាគារ (ម២) បានបញ្ជូនស្ត្រីជាប់ចោទឈ្មោះជា សុខធី ទៅសង្គ្រោះបន្ទាន់ (ឈឺពោះគ្រប់ខែឆ្លងទន្លេ) នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ ក្រោយពីការពិនិត្យរួច គ្រូពេទ្យបានតម្រូវឱ្យស្ត្រីជាប់ចោទ សម្រាករង់ចាំសម្រាលកូននៅក្នុងមន្ទីរពេទ្យ ស្រាប់តែមកដល់វេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារតែមន្ត្រីអនុរក្សពន្ធនាគារ មានការធ្វេសប្រហែសមួយភ្លែត ស្រាប់តែស្ត្រីជាប់ចោទ មានឱកាសរត់គេចខ្លួនបាត់តែម្តង។

លោកអធិការរងបន្តថា ក្រោយមក តុលាការក៏ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនថ្មីមួយទៀត ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ និងបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនស្ត្រីជាប់ចោទឈ្មោះជា សុខធី។ រហូតមកដល់វេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចបានប្រទះឃើញស្ត្រីឈ្មោះជា សុខធី នៅចំណុចភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ទើបចុះចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីតែម្តង៕

RELATED ARTICLES