Wednesday, March 12, 2025
Homeសង្គម និងជីវិតប្តីគេព្រួតវ៉ៃប៊ិះស្លាប់ ប្រពន្ធប្រាប់ប៉ូលិសថាដួលម៉ូតូ

ប្តីគេព្រួតវ៉ៃប៊ិះស្លាប់ ប្រពន្ធប្រាប់ប៉ូលិសថាដួលម៉ូតូ

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលបុរសម្នាក់ក្រោយពីផឹកស៊ីស្រវឹងជោកជាំ ក៏ត្រូវបុរសមួយក្រុមមានគ្នា៣-៤នាក់ បានព្រួតវាយបណ្តាលឱ្យរងរបួសធ្ងន់ប៊ិះស្លាប់ និងត្រូវគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ លុះរឿងរ៉ាវភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ ស្រាប់តែស្ត្រីជាប្រពន្ធបុរសរងគ្រោះបែរជាប្រាប់សមត្ថកិច្ចថា ប្តីនាងដួលម៉ូតូដោយខ្លួនឯងទេ គ្មានគេព្រួតវ៉ៃឡើយ។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចទល់មុខ សិប្បកម្មផលិតទុយោជ័របូមទឹក ស្ថិតនៅផ្ទះលេខ៩៨៦ ផ្លូវលេខ 70D ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនៅទីតាំងខាងលើមានការជួបជុំគ្នាផឹកស៊ីហ៊ោកញ្ជៀវយ៉ាងខ្លាំង លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលគ្រប់គ្នាសុទ្ធតែស្រវឹងធ្លាក់ភ្នែក មិនដឹងថាមានរឿងអ្វី ស្រាប់ តែគេឃើញ បុរស៣-៤នាក់បាននាំគ្នាព្រួតវាយទៅលើបុរសម្នាក់ បណ្តាលឱ្យបែកក្បាលសន្លប់ស្តូកស្តឹងប៊ិះស្លាប់ និងត្រូវបានគេប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយបន្សល់ទុកនូវថ្លុកឈាមនៅកន្លែងកើតហេតុ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ ដំណឹងនេះក៏បានលេចលឺទៅដល់សមត្ថកិច្ចមូលដ្ឋាន និងត្រូវបានកម្លាំងខណ្ឌដង្កោ ដែលដឹកនាំដោយលោកអធិការដ្ឋានខណ្ឌ និងអធិការរង បានចុះទៅកន្លែងកើតហេតុ ធ្វើការសាកសួរពីដំណើររឿង ស្រាប់តែភ្លាមនោះ ក៏លេចមុខស្ត្រីម្នាក់ដែលអះអាងថា ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានចេញមករៀបរាប់ប្រាប់សមត្ថកិច្ចថា នាងជាប្រពន្ធជនរងគ្រោះ ហើយប្តីរបស់នាងបានជួបនឹងគ្រោះថ្នាក់ ដួលម៉ូតូដោយខ្លួនឯងទេ គ្មានអ្នកណាវាយដំដូចគេនិយាយនោះឡើយ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួច និងត្រូវបានស្ត្រីជាប្រពន្ធជនរងគ្រោះចេញមុខមកបញ្ជាក់ថា ប្តីនាងជិះម៉ូតូដួលខ្លួនឯងរួចមក កម្លាំងសមត្ថកិច្ចខណ្ឌដង្កោក៏បានដកកម្លាំងចេញពីកន្លែងកើតហេតុអស់ទៅ៕

RELATED ARTICLES