Sunday, January 19, 2025
Homeសង្គម និងជីវិតម៉ែឪឈឺចាប់! ជនល្មើសកាប់កូនប្រុសស្លាប់ រស់ក្រៅសំណាញ់ច្បាប់

ម៉ែឪឈឺចាប់! ជនល្មើសកាប់កូនប្រុសស្លាប់ រស់ក្រៅសំណាញ់ច្បាប់

ខេត្តកណ្តាល ៖ ប្តីប្រពន្ធ២នាក់ បានទួញយំសោក ដោយក្តីឈឺចាប់បំផុត ខណៈដែលកូនប្រុសរបស់ពួកគាត់ត្រូវបានក្រុមជនដៃដល់៥នាក់ ព្រួតកាប់សម្លាប់យ៉ាងឃោរឃៅអស់រយៈពេលជិត១ឆ្នាំមកហើយ ប៉ុន្តែក្រុមគ្រួសារគាត់នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ដោយសារក្រុមជនដៃដល់កំពុងរស់នៅក្រៅសំណាញ់ច្បាប់ ដើរហើរយ៉ាងរំភើយ ជាហេតុធ្វើឱ្យពួកគាត់ជាឪពុកម្តាយជនរងគ្រោះកើតទុក្ខមិនខុសចិត្តអំពាវនាវដល់តុលាការខេត្តកណ្តាល ពន្លឿននីតិវិធីឱ្យបានឆាប់រហ័ស ដើម្បីផ្តល់យុត្តិធម៌ឱ្យកូនប្រុសរបស់ពួកគាត់ ដែលស្លាប់ទៅបានបិទភ្នែកជិតផង និងឱ្យពួកគាត់ជាឪពុកម្តាយរស់នៅបានស្ងប់ចិត្តផង។

លោកសុខ វណ្ណនី និងប្រពន្ធ បានទួញយំប្រាប់ក្រុមអ្នកសារព័ត៌មានថា កូនប្រុសរបស់ពួកគាត់ ឈ្មោះមឿន រ៉ូហ្សា អាយុ២២ឆ្នាំ ត្រូវបានក្រុមជនល្មើសកាប់សម្លាប់យ៉ាងព្រៃផ្សៃ តាំងពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល តែរហូតមកទល់ពេលនេះ មានរយៈពេលជិត១ឆ្នាំទៅហើយ គ្មានជនល្មើសណាម្នាក់ត្រូវបានចាប់ខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់នោះទេ ចំណែកសវនាការចេះតែលើកជាបន្តបន្ទាប់រហូតដល់៣ដងមកហើយ។

   

លោកសុខ វណ្ណី បានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ សាលាដំបូងខេត្តកណ្តាល បានសម្រេចលើកពេល សវនាការជាលើកទី៣ ជាហេតុធ្វើប្តីប្រពន្ធពួកគាត់ជាដើមបណ្តឹង សម្តែងការមិនពេញចិត្តទាល់តែសោះ។

គួរបញ្ជាក់ថា យោងតាមសំណុំរឿងព្រហ្មទណ្ឌលេខ១២០៥ អ.ក ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ មានជនជាប់ចោទចំនួន៥នាក់ ទី១-ឈ្មោះផេង ណារ័ត្ន ភេទប្រុស អាយុ១៦ឆ្នាំ (ក្រៅឃុំ) ទី២-ឈ្មោះយ៉ិន វាសនា ហៅកែម វាសនា ភេទប្រុស អាយុ១៩ឆ្នាំ (គេចខ្លួន) ទី៣-ឈ្មោះថាំង ម៉េងហួយ ហៅម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ (ក្រៅឃុំ) ទី៤-ឈ្មោះឈុន រតនៈ ហៅមឿន ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ (ក្រៅឃុំ) និងទី៥-ឈ្មោះចន ភស្ត្រា ភេទប្រុស អាយុ២០ឆ្នាំ (គេចខ្លួន)។

ជនជាប់ចោទទាំង៥នាក់ ត្រូវបានចោទប្រកាន់ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ” ប្រព្រឹត្តនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា២២៤នៃក្រមព្រហ្មទណ្ឌ។

លោកសុខ វណ្ណនី និងប្រពន្ធ ដែលត្រូវជាឪពុកម្តាយរបស់យុវជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា ក្នុងនាមដើមបណ្តឹង ពួកគាត់ចង់បានតែយុត្តិធម៌ប៉ុណ្ណោះ ប៉ុន្តែនីតិវិធីរបស់សាលាដំបូងខេត្តកណ្តាល ហាក់យឺតយ៉ាវជាទីបំផុត ដែលសវនាការបានលើកពេល៣ដងមកហើយ។ យ៉ាងណា ពួកគាត់សូមអំពាវនាវដល់សម្តេចហ៊ុន សែន មេត្តាជួយជួយរកយុត្តិធម៌ជូនក្រុមគ្រួសារពួកគាត់ផង ព្រោះពួកគាត់កំពុងឈឺចាប់ខ្លាំងណាស់ ដោយសារកូនប្រុសត្រូវគេកាប់សម្លាប់ហើយ តែក្រុមជនល្មើសបែរជាកំពុងរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងមានសេរីភាពបែបនេះទៅវិញ៕

RELATED ARTICLES