ខេត្តកណ្តាល ៖ ប្តីប្រពន្ធ២នាក់ ទើបនឹងចេញពីធ្វើការ ជិះម៉ូតូដឹកគ្នាបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែអកុសល ត្រូវម៉ូតូ១គ្រឿងទៀត បើកដោយបុរសជនជាតិវៀតណាមម្នាក់ ជ្រុលមកបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជនជាតិវៀតណាមរូបនោះទទួលរងរបួសធ្ងន់ រីឯបុរសជាប្តីស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកស្ត្រីជាប្រពន្ធដែលរួមដំណើរជាមួយបានទទួលរងរបួសធ្ងន់ផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ១១០ ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង។
បុរសរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះសួន សារិត អាយុ៣២ឆ្នាំ មុខរបរកម្មករ (មិនពាក់មួកការពារសុវត្ថិភាព)។ ចំណែកស្ត្រីជាប្រពន្ធដែលរងរបួសធ្ងន់ មានឈ្មោះសែម ចរិយា អាយុ២៧ឆ្នាំ មុខរបរកម្មករ (មិនពាក់មួកការពារសុវត្ថិភាព)។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិជ្រោយឬស្សី ឃុំប្រាសាទ ស្រុកស្អាង និងជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1U-5769។ ដោយឡែកម៉ូតូបង្កម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1X-6492 បើកបរដោយឈ្មោះ តេវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម (មិនពាក់មួកការពារសុវត្ថិភាព) ស្នាក់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង (របួសធ្ងន់)។
តាមរបភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូសង់កូរ៉េ បើកដោយបុរសជនជាតិវៀតណាមខាងលើ បានបើកក្នុងល្បឿនយ៉ាងលឿន បោះពួយក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុកគ្នាជាមួយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ដែលជិះដោយជនរងគ្រោះ២នាក់ប្តីប្រពន្ធធ្វើដំណើរពីជើងមកត្បូងបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជាប្តីបោកក្បាលស្លាប់នៅនឹងកន្លែង ចំណែកស្ត្រីជាប្រពន្ធទទួលរងរបួសធ្ងន់ត្រង់ផ្ទៃមុខ រីឯបុរសជនជាតិវៀតណាមជាភាគីបង្ក ទទួលរងរបួសធ្ងន់ផងដែរ។
ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានក្រុមគ្រួសារ មកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរៀងៗខ្លួន។
ចំណែកសមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែងទីតាំងកើតហេតុ រួចក៏អូសយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ។
ដោយឡែក សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងដោយសារតែភាគីទាំងសងខាង បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នដូចគ្នា ពិសេសធ្វើដំណើរដោយមិនមានពាក់មួកការពារសុវត្ថិភាពថែមទៀត ទើបពេលជួបគ្រោះថ្នាក់ ធ្វើឱ្យទទួលរងរបួសធ្ងន់ និងបាត់បង់ជីវិតបែបនេះ៕