ខេត្តកណ្តាល ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏នឹកឃើញគំនុំចាស់ ក៏កាន់ដែកចំពុះទុង១ដើម សំដៅទៅចាក់ប្រហារ គូទំនាស់របស់ខ្លួន តែរៀបនឹងធ្វើសកម្មភាពទៅហើយ ក៏ត្រូវគេឃើញចាប់ឃាត់ទាន់ពេល ធ្វើឱ្យបុរសរូបនោះកាន់តែផ្ទុះកំហឹងខឹងចាក់គេមិនបាន ក៏ស្ទុះចូលទៅដាល់គូទំនាស់១ដៃ បណ្តាលឱ្យខៀវភ្នែក ព្រមទាំងគំរាមសម្លាប់ផ្តាច់ពូជទៀតផង។
ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។
ជនដៃដល់ ដែលខឹងចាក់គូទំនាស់មិនបាន ក៏ស្ទុះចូលទៅដាល់១ដៃខៀវភ្នែកនេះ មានឈ្មោះហេង សំណាង អាយុ២៦ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះឆាំ ឈឿន អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កន្លងមកកាលពីឆ្នាំ២០១៦ ជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់ជាមួយគ្នាម្តងរួចមកហើយ ហើយក៏ត្រូវជនដៃដល់ចងគំនុំទុកក្នុងចិត្ត និងចេះតែជេរប្រមាថដល់ជនរងគ្រោះជាញឹកញាប់ទៀតផង។ លុះមកដល់វេលាម៉ោង៥ និង៣០នាទី ល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលជនរងគ្រោះកំពុងដេកមើលទូរទស្សន៍នៅផ្ទះអ្នកភូមិឈ្មោះណៃ ចែ ស្រាប់តែជនដៃដល់ មិនដឹងជាផឹកស្រាស្រវឹងមកពីណា ក៏បានដើរចូលទៅដល់កន្លែងកើតហេតុនោះដែរ ដោយកាន់ដែកចំពុះទុងជាប់នៅនឹងដៃ ហើយបានដកដែក ចំពុះទុងនោះចេញពីស្រោម បំណងចាក់ប្រហារជនរងគ្រោះ តែត្រូវបានឈ្មោះពៅ និងឈ្មោះវង ដែលនៅក្បែរនោះប្រទះឃើញ ក៏ចាប់ដកយកដែកចំពុះទុងនោះចេញ។ ពេលនោះជនដៃដល់ បានស្រែកគំរាមជនរងគ្រោះថា “ចាំមើលថ្ងៃណាមួយ ពូជអ្ហែងអញចាក់សម្លាប់ទាំងអស់” បន្ទាប់មកជនដៃដល់ ក៏ស្ទុះចូលទៅវាយជនរងគ្រោះ១ដៃចំក្រោមភ្នែកខាងឆ្វេងបណ្តាលឱ្យហើមជាំ ហើយក៏ត្រូវបានអ្នកជិតខាងចូលឃាត់បំបែកចេញ។
ក្រោយកើតហេតុ ជនរងគ្រោះបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញ ដើម្បីឱ្យជួយអន្តរាគមន៍ ហើយភ្លាមនោះកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរនៅប៉ុស្តិ៍។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយបំភ្លឺបាន មូលហេតុដែលរូបគេប្រើហិង្សាទៅលើជនរងគ្រោះនេះ ដោយសារតែរូបគេស្រវឹងស្រា ខ្លាំងពេក។
ជនដៃដល់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕