Wednesday, May 1, 2024
Homeសង្គម និងជីវិតបានខ្លួន២ដង នួនល្អងបីកូន រកមុខប្តីទទួលខុសត្រូវ

បានខ្លួន២ដង នួនល្អងបីកូន រកមុខប្តីទទួលខុសត្រូវ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានបីត្រកងកូនស្រីទើបនឹងកើតបាន២ខែ តាមមករកមុខប្រុសស្នេហ៍ដល់ផ្ទះ ដើម្បីឱ្យទទួលខុសត្រូវ ធ្វើឱ្យខាងប្រុសស្រឡាំងកាំង ឆ្លើយមិនចេញ ដោយនឹកឆ្ងល់ថា រូបូគេទើបតែបានខ្លួននាង២ដង រួចក៏បែកគ្នាជិត១ឆ្នាំមកហើយ ស្រាប់តែនៅសុខៗខាងស្រីបីកូនមកប្រាប់ថា ជាកូនរបស់ខ្លួនទៅវិញ ជាហេតុធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

នារីវ័យក្មេងខាងលើ សុំមិនបង្ហាញឈ្មោះនោះទេ គ្រាន់តែប្រាប់ថា នាងមានវ័យជាង២០ឆ្នាំ អតីតជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ និងមានលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ចំណែកភាគីខាងប្រុស មានឈ្មោះគឹម ហាប់ អាយុជាង២០ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។

តាមសម្តីនារីខាងលើ បានរៀបរាប់ប្រាប់ថា នាងធ្លាប់មានប្តីម្តងរួចមកហើយ លុះរួមរស់បានកូន១ជាចំណងនិស្ស័យ ស្រាប់តែចំណងស្នេហាមួយនេះ ក៏បានចាប់ផ្តើមប្រេះឆា ឈានដល់ការលែងលះ។ លុះលែងលះប្តីទី១រួច ពេលនាងមានការងារធ្វើ ក៏បានស្រឡាញ់គ្នាជាមួយ យុវជនឈ្មោះគឹម ហាប់ ជាអ្នករួមការងារជាមួយគ្នា អស់រយៈពេលច្រើនខែឆ្នាំមកហើយ។

នារីខាងលើ បន្តថា ដោយសារតែទំហំចិត្តស្រលាញ់ពេញប្រៀបបេះដូង ទើបនាងហ៊ានប្រគល់ខ្លួនប្រាណ ឱ្យប្រុសកល្យាណនែបនិត្យ ក៏ប៉ុន្តែក្រោយពីនែបនិត្យស្គាល់ប្រាណរួចហើយ ស្រាប់តែខាងប្រុសបែរជាចាកចេញចោលនាងទៅបាត់អស់រយៈពេលជិតមួយឆ្នាំមកហើយ។ ចំណែកនាងក៏មានផ្ទៃពោះ រហូតដល់សម្រាលបានកូនស្រីម្នាក់ ពេលនេះអាយុ២ខែហើយ តែអ្វីដែលកូនមិនបានឃើញ គឺការទំនួលខុសត្រូវពីឪពុក ដូច្នេះហើយទើបនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នាងក៏សម្រេចចិត្តបីត្រកងកូនស្រី តាមមករកមុខប្តីហេងស៊យ នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យទាំងយប់តែម្តង។

យ៉ាងណាក្តី នារីវ័យក្មេងរូបនេះ បានអះអាងថា អ្វីដែលនាងចង់បានពេលនេះ គឺគ្រាន់តែចង់ឱ្យខាងប្រុស (យុវជន គឹម ហាប់) ទទួល ខុសត្រូវរួចចំណែកកាតព្វកិច្ច អាហារកិច្ចចំពោះកូនស្រីតែប៉ុណ្ណោះ ចំពោះមនោសញ្ចោតនា រវាងនាងនិងយុវជននេះ លែងមានទៀតហើយ ពោលគឺនាងគ្រាន់តែចង់ឱ្យ ឪពុកផ្តល់លុយចិញ្ចឹមកូនស្រីប៉ុណ្ណោះ។

ជុំវិញរឿងរ៉ាវខាងលើនេះ ភាគីខាងប្រុស ហាក់ស្រឡាំងកាំងរកអ្វីនិយាយមិនចេញឡើយ នៅពេលដែលសុខៗ ឃើញខាងស្រីដែលជាអតីតស្រីស្នេហ៍បីក្មេងស្រីម្នាក់ រួចមកប្រាប់ថា ជាកូនរបស់ខ្លួន និងទាមទារអាហារកិច្ច ជួយចិញ្ចឹមកូន។ តែយ៉ាងណា ភាគីខាងប្រុស បាននិយាយ យ៉ាងខ្លីថា “បានខ្លួនតែ២ដង បងមិនបានដឹងផង ថាអូនមានកូន” ។

ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចចុះជួយអន្តរាគមន៍សម្របសម្រួលដែរ ប៉ុន្តែដោយសារយប់កាន់តែជ្រៅ ណាមួយការជជែកវែកញែករកការទទួលខុសត្រូវ ហាក់មិនដាច់ស្រេច គ្មានច្រកចេញសោះ ទើបសមត្ថកិច្ចបានសម្រួលឱ្យភាគីខាងស្រី ត្រឡប់ទៅផ្ទះវិញសិន ព្រោះអាណិតកូនតូច រង់ចាំនិយាយគ្នានៅមុខសាលាសង្កាត់វិញល្អជាង។ ចំណែកសាច់ញាតិខាងប្រុស នៅពេលឃើញសភាពបែបនេះ ក៏មិនថាអ្វីដែរ គ្រាន់តែអះអាងថា ចាំទៅដោះស្រាយគ្នានៅចំពោះមុខចៅសង្កាត់វិញ ទើបអាចដាច់ស្រឡះបាន។

បន្ទាប់មកខាងស្រី បានសុខចិត្តបីកូនឡើងជិះម៉ូតូកង់បី ត្រឡប់ទៅផ្ទះវិញ ដោយបង្ហើបថា ត្រឹម១ពាន់ដុល្លារថ្លៃចិញ្ចឹមកូនអី នាងអាចយល់ព្រម។ លុះខាងប្រុសស្តាប់ឮ ក៏សម្តែងនូវការហួសចិត្តថា “ទើបបានខ្លួនអូន២ដង ស្រាប់តែនួនល្អងពកូន មកជួបបងទារ១ពាន់ដុល្លារ”៕

RELATED ARTICLES