ខេត្តបាត់ដំបង ៖ ក្មេងស្រីវ័យជំទង់រូបស្រស់ម្នាក់ នៅសុខៗស្រាប់តែបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារ មានការព្រួយបារម្ភចែកផ្លូវគ្នាដើរតាមស្វែងរកសព្វកន្លែង នៅតែមិនមានដំណឹងបន្តិចណាសោះ រហូតដល់ឪពុកម្តាយ ភ័យឆោឡោក៏ប្រកាសតាមស្វែងរកផង ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ផង ដើម្បីតាមរកកូនស្រីត្រឡប់មកផ្ទះវិញផង។
ក្មេងស្រីជំទង់ ដែលបានខ្លួន មានឈ្មោះ រឿប សាមឿតមុនីតា ហៅលីហ្សា អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិវត្តរំដួល សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ក្មេងស្រីរូបនេះបានបាត់ខ្លួនចេញពីផ្ទះ តាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
តាមប្រភពពីក្រុមគ្រួសារក្មេងស្រីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះ បានធ្វើដំណើរចេញពីផ្ទះសំដៅទៅសាលារៀនដូចសព្វដង។ ស្រាប់តែមកដល់វេលាថ្ងៃត្រង់ បាត់មិនឃើញកូនស្រី ត្រឡប់មកផ្ទះវិញ ធ្វើឱ្យក្រុមគ្រួសារមានការភ័យឆោឡោ នាំគ្នាចេញតាមទៅស្វែងរកដល់សាលា តែបែរជាមិនប្រទះឃើញកូនស្រីសោះ លុះតាមទៅសួរមិត្តភក្តិជិតស្និទ្ធ ក៏គ្មានអ្នកដឹង ហើយទោះជាទៅតាមរកនៅកន្លែងដែលនាងធ្លាប់ទៅក៏មិនឃើញ ទើបក្រុមគ្រួសារ មានការព្រួយបារម្ភ ខ្លាចកូនស្រីចាញ់ល្បិចរបស់មនុស្សខិលខូច ឬត្រូវគេធ្វើបាបដោយប្រការណាមួយ។
ដោយសារតែដើរកកូនស្រីមិនឃើញ ធ្វើឱ្យស្ត្រីជាម្តាយមានការព្រួយបារម្ភ ក៏ប្រកាសសុំឱ្យបងប្អូនប្រជាពលរដ្ឋ ដែលប្រទះឃើញកូនស្រី មានភិនភាគដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងមក ក្រុមគ្រួសារ ឬវិទ្យុអេប៊ីស៊ី តាមរយៈទូរស័ព្ទលេខ ០១០ ២៣ ១០ ១០, ០១២ ២៣ ១០ ១០ និង ០៨៧ ២៣ ២៣ ២៣៕