ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសម្នាក់ ឆ្លៀតពេលឪពុកម្តាយកំពុងរវល់ភ្លេចខ្លួន ក៏បានដើរលេងតែម្នាក់ឯងក្បែរមាត់ស្រះខាងក្រោយផ្ទះ ស្រាប់តែអកុសល រអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនមានអ្នកណាម្នាក់ អាចជួយសង្គ្រោះបានទាន់ពេលឡើយ។
ករណីក្មេងប្រុសដើរធ្លាក់ចូលទឹកស្រះ បណ្តាលឱ្យលង់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកខាងក្រោយក្មេងប្រុសរងគ្រោះ ស្ថិតក្នុងភូមិបន្ទាយក្រង ឃុំអន្លង់ភ្នាត ស្រុកក្រគរ។
ក្មេងប្រុសរងគ្រោះ មានឈ្មោះង៉ែត សុខា អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារតែឪពុកម្តាយរវល់ការងាររៀងៗខ្លួន ទើបបណ្តោយឱ្យកូនប្រុស (ក្មេងប្រុសរងគ្រោះ) ដើរលេងតែម្នាក់ឯងនៅក្បែរៗផ្ទះ។ ស្រាប់តែបន្តិចក្រោយមក ក្មេងប្រុសរងគ្រោះក៏បានដើរទៅលេងក្បែរ ស្រះទឹកខាងក្រោយផ្ទះ ទីតាំងកើតហេតុខាងលើ រួចក៏រអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង ដោយគ្មានអ្នកណាម្នាក់បានប្រទះឃើញ និងជួយសង្គ្រោះបានទាន់ពេលឡើយ។
ក្រោយកើតហេតុ ឪពុកម្តាយក្មេងប្រុសរងគ្រោះ នាំគ្នាដើរតាមរកកូន តែមិនឃើញសោះ ទើបសង្ស័យថា កូនប្រុសធ្លាក់ទឹកស្រះខាងលើ ក៏នាំគ្នាចុះរាវរក ស្រាប់តែប្រទះឃើញកូនប្រុសរបស់ខ្លួនបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ ទើបបានត្រឹមស្រង់យកសាកសពយកទៅផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យប៉ុណ្ណោះ។
បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន៕