ភ្នំពេញ ៖ បុរសជាមន្ត្រីនគរបាលម្នាក់ ត្រូវបានម្ចាស់រថយន្តដឹកទំនិញមួយគ្រឿង បានអះអាងថា ជិះម៉ូតូមកបុកគូទឡានរបស់គេហើយ បានមកតាមរករឿង និងទារសំណង់ពីរូបគេចំនួន៨ម៉ឺនរៀលទៀត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបខាងលិចមន្ទីរពេទ្យសែនសុខ (IU) តាមបណ្តោយផ្លូវលេខ១៩៨៦ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសជាមន្ត្រីនគរបាលដែលទទួលរងការចោទប្រកាន់ថា បានជិះម៉ូតូបុកគូទរថយន្តគេហៅទាមទារឱ្យម្ចាស់រថយន្តសងទៀតនោះ មាន ឈ្មោះញឹម សុវណ្ណដេត ជាមន្ត្រីនគរបាលនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អត្តលេខ ៧២១៧៨។ ចំណែកយុវជនជាអ្នកបើកបររថយន្ត មានឈ្មោះឌី អាយុជាង២០ឆ្នាំ។
តាមសម្តីយុវជនជាអ្នកបើកបររថយន្ត បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានបើករថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A0187 ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើត ខ្លួនបានជាន់ហ្វ្រាំងឈប់រង់ចាំភ្លើងស្តុប ព្រោះភ្លើងនៅ ខាងមុខលោតពណ៌ក្រហហមទៅហើយ ស្រាប់តែភ្លាមនោះ ក៏មានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-9651 បើកបរដោយបុរសម្នាក់ឈ្មោះញឹម សុវណ្ណដេត ស្ថិតក្នុងឯកសណ្ឋានជានគរបាល បានជិះមកពីក្រោយហើយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលមកបុកគូទរថយន្តរបស់គេពីក្រោយតែម្តង។
ប្រភពដដែលបន្តថា ក្រោយលោកញឹម សុវណ្ណដេត បានរករឿងរូបគេជាអ្នកបើកបររថយន្តឱ្យឈប់ ហើយទាមទារសំណងពីរូបគេ ថែមទៀត ធ្វើឱ្យប្រជាពលរដ្ឋដែលឃើញហេតុការណ៍ហួសចិត្តយ៉ាងខ្លាំង។ ក្រោយកើតហេតុដោយសារតែរូបគេ មិនចង់មានរឿងវែងឆ្ងាយ ក៏សុំសងថ្លៃខូចខាតម៉ូតូឱ្យទៅលោកញឹម សុវណ្ណដេត ជាមន្ត្រីនគរបាលនោះ ចំនួន៥ម៉ឺនរៀល ដើម្បីបញ្ចប់រឿង ប៉ុន្តែលោកញឹម សុវណ្ណដេត មិនព្រមយកទេ ដោយទារសំណងចំនួន៨ម៉ឺនរៀល។
ក្រោយមកក៏មាននគរបាលចរាចរណ៍ខណ្ឌសែនសុខ មកជួយធ្វើការសម្របសម្រួលទើបលោកញឹម សុវណ្ណដេត ជាមន្ត្រីនគរបាល នោះព្រមយកបញ្ចប់រឿង៕