Wednesday, March 12, 2025
Homeសង្គម និងជីវិតខឹងប្រពន្ធជេរស្តីពេក​ ដាល់ប៉ោងមុខ

ខឹងប្រពន្ធជេរស្តីពេក​ ដាល់ប៉ោងមុខ

ខេត្តសៀមរាប ៖ បុរសម្នាក់កំពុងអង្គុយជក់ថ្នាំ ក៏ត្រូវប្រពន្ធចូលមកទាន់ ធ្វើឱ្យកើតជាទំនាស់ពាក្យសម្តី រហូតដល់ប្រពន្ធទ្រាំមិនបាន ក៏ជ្រុលមាត់ជេរស្តី២-៣ម៉ាត់ ស្រាប់តែប្តីកំណាចដែលកំពុងបែកថ្នាំ ផ្ទុះកំហឹង ក៏ស្ទុះទៅដាល់ប្រពន្ធចូលផ្ទៃមុខជាច្រើនដៃ បណ្តាលឱ្យហើមប៉ោង ជាំមុខ និងបែកឈាមច្រមុះ ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ យកទៅចាត់ការតាមច្បាប់។

ករណីប្តីបែកថ្នាំដាល់ប្រពន្ធប៉ោងមុខនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចរោងជួសជុលរថយន្ត យីហោ ហួរ ម៉េងគ្រី ស្ថិតក្នុងក្រុមទី១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ លុះមកដល់រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ជនដៃដល់ជាប្តី ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចរោងជួសជុលរថយន្តដែលខ្លួនកំពុងបម្រើការងារ។

ជនដៃដល់ជាប្តីដែលវាយប្រពន្ធប៉ោងមុខ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសៅ រតនា អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះនូ ចរិយា មុខរបរមេផ្ទះ។ ប្តីប្រពន្ធអ្នកទាំង២ ស្នាក់នៅក្រុមទី១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាង ត្បិតថាមានប្រពន្ធកូនរួចទៅហើយ ប៉ុន្តែអត្តចរិតនៅតែមិនព្រមកែ ធ្វើខ្លួនជាក្មេងស្ទាវ តែងដើរសេពគប់ជាមួយមិត្តភក្តិមិនល្អ រហូតដល់លង់ខ្លួនធ្លាក់ចូលអន្លង់ថ្នាំញៀន ពពាក់ពពូនជក់ថ្នាំញៀនជារៀងរាល់ថ្ងៃ រហូត ពេលខ្លះភ្លេចធ្វើការងារ និងថែមទាំងឧស្សាហ៍បង្ករឿងឈ្លោះប្រកែកជាមួយនាងជាប្រពន្ធទៀតផង។

ស្ត្រីរងគ្រោះជាប្រពន្ធរូបនេះបន្តថា លុះមកដល់វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលនាងដើរចូលមកក្នុងរោងជួសជុលរថយន្ត ដែលប្តីកំពុងបម្រើការងារ ស្រាប់តែប្រទះឃើញប្តីកំពុងសម្ងំជក់ថ្នាំញៀន មិនគិតធ្វើការងារអ្វីទេ ទើបធ្វើឱ្យនាង ខឹង ក៏ស្តីបន្ទោស ធ្វើឱ្យក្លាយជាទំនាស់ពាក្យសម្តី តឹងសរសៃកដាក់គ្នា រហូតដល់នាងទ្រាំមិនបាន ក៏ជ្រុលមាត់ជេរស្តីប្តី២-៣ម៉ាត់ទៅ ស្រាប់តែភ្លាមនោះ ប្តីកំណាចដែលកំពុងត្រូវថ្នាំញៀនគ្រប់គ្រងសតិអារម្មណ៍ ក៏ផ្ទុះកំហឹង ស្ទុះមកដាល់នាងចូលផ្ទៃមុខជាច្រើនដៃ ដោយគ្មានអាសូរ បណ្តាលឱ្យនាងហើមជាំមុខ និងមានស្នាមជាំនៅលើរង្វង់ភ្នែកទាំងសងខាង ព្រមទាំងមានហូរឈាមតាមច្រមុះទៀតផង។

ដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់ប្តីញៀនថ្នាំរូបនេះលែងបាន ទើបនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះជាប្រពន្ធបានសម្រេចដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

លោកអនុសេនីយ៍ឯក ចែម ចំណាន អធិការរងនគរបាលក្រុងសៀមរាប ទទួលបន្ទុកគ្រឿងញៀន បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ នៅវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃដដែលនោះ សមត្ថកិច្ចក៏បានចុះទៅនាំខ្លួនជនសង្ស័យមកសាកសួរនៅ អធិការដ្ឋាននគរបាលក្រុងសៀមរាបតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា រូបគេពិតជាបានប្រើអំពើហិង្សា វាយតប់ទៅលើប្រពន្ធរបស់ខ្លួនប្រាកដមែន។ មូលហេតុដោយសារតែរូបគេបានសេពថ្នាំញៀន ទើបធ្វើឱ្យគេបាត់បង់នូវស្មារតី រហូតឈានដល់ការប្រើប្រាស់នូវអំពើហិង្សាដាក់ប្រពន្ធបែបនេះ។

ក្រោយពេលទទួលបាននូវចម្លើយសារភាពរបស់ជនសង្ស័យ និងផ្អែកលើពាក្យបណ្តឹងរបស់ជនរងគ្រោះផង សមត្ថកិច្ចបានកសាងសំណុំ រឿងបញ្ជូនជនសង្ស័យទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES