ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹង ក៏នាំកូនក្មួយយកមងចុះទៅអូសត្រីនៅក្នុងអូរ ហើយទោះជាប្រពន្ធហាមឃាត់យ៉ាងណា ក៏មិនព្រមស្តាប់សោះ នៅតែចចេសចុះទឹកដដែល លុះសាច់មងទាក់ជាប់នឹងគល់ឈើ ក៏ជ្រមុជទឹកចុះទៅដោះ ស្រាប់តែអកុសល ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចកំពង់ទឹកមុខផ្ទះ ស្ថិតក្នុងភូមិព្រីងជូរ ស្រុកព្រះនេត្រព្រះ។
បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះសំ សូត អាយុ៦១ឆ្នាំ មានប្រពន្ធឈ្មោះរត្ន័ ភី អាយុ៥០ឆ្នាំ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់បានអង្គុយផឹកស្រាសអស់ជាច្រើនកែវមកហើយ និងចាប់ផ្តើមស្រវឹងស្រឿងៗដែរ បន្ទាប់មក ប្តីក៏បែកគំនិតចង់ចុះអូសត្រីយកមកដុតក្លែមស្រា ទើបបបួលកូនក្មួយ៦នាក់ទៀត មកជួយ យកមងចុះទៅហ៊ុមកំប្លោកនៅក្នុងអូរខាងមុខផ្ទះ ដើម្បីអូសយកត្រី។ នៅពេលដែលប្តីរៀបចុះទឹកអូសត្រីនោះ គាត់ក៏បានហាមប្តីដែរថា កុំឱ្យចុះ ទឹកអី ព្រោះស្រវឹងហើយ នៅលើគោក ចាំស្រែកបញ្ជាឱ្យក្មេងៗអូសត្រីទៅបានហើយ ប៉ុន្តែប្តីរបស់គាត់មិនព្រមស្តាប់សោះ នៅតែចចេសចុះ ទៅក្នុងទឹកទាល់តែបាន។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះពេលកំពុងតែហ៊ុមអូសត្រីនោះ ស្រាប់តែសាច់មងបានទាក់ជាប់ជាមួយគល់ឈើ នៅបាតអូរ ភ្លាម នោះប្តីរបស់គាត់ ក៏បានជ្រមុជទឹក ដើម្បីទៅដោះសាច់មង។ លុះជ្រមុជទឹកចុះទៅមួយសន្ទុះទៅហើយ នៅតែមិនទាន់ឃើញក្រោកឡើងវិញ ទើប គ្រប់គ្នាសង្ស័យ ក៏នាំគ្នាមុជទឹករាវរកប្តីរបស់គាត់ភ្លាមៗដែរ តែអកុសល ប្រទះឃើញប្តីរបស់គាត់ រុំជាប់នឹងមងឈ្លក់ទឹកស្លាប់យ៉ាងអណោចអាធ័ម បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។
លោកមាស រិទ្ធី អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីលង់ទឹកស្លាប់ សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងត្រូវស្ត្រីជាប្រពន្ធប្រាប់សមត្ថកិច្ចថា ប្តីគាត់មុនពេលដែលចុះ ទៅអូសត្រី បានផឹកស្រាសអស់ជាច្រើនកែវ ហើយគាត់បានហាមមិនឱ្យចុះទឹកដែរ តែប្តីគាត់មិនស្តាប់ ទើបធ្វើឱ្យកើតមានរឿងសោកសៅនេះ ឡើងតែម្តង។
លោកអធិការបញ្ជាក់ថា យោងតាមការបំភ្លឺពីស្ត្រីជាប្រពន្ធជនរងគ្រោះ និងយោងតាមលទ្ធផលកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះផឹកស្រាស្រវឹងចុះអូសត្រី លុះមងទាក់គល់ឈើ បាតទឹកក៏ជ្រមុជចុះដោះ ទើបធ្វើឱ្យរុំជាប់នឹងមង ឈ្លក់ទឹកស្លាប់តែម្តង។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕