Sunday, January 19, 2025
Homeសង្គម និងជីវិតរដូវ World Cup! សេះដាច់ យកម៉ូតូមិត្តភក្តិតាម សុីអស់១គ្រឿង 

រដូវ World Cup! សេះដាច់ យកម៉ូតូមិត្តភក្តិតាម សុីអស់១គ្រឿង 

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវមិត្តភក្តិទូរស័ព្ទល្បួងហៅទៅផឹកស៊ី លុះកំពុងផឹកស៊ីសប្បាយក្អាកក្អាយ មិត្តភក្តិកំហូច ក៏ប្រើល្បិចខ្ចីម៉ូតូទៅយកលុយនៅផ្ទះមួយភ្លែត តែតាមពិតកំពុងដាច់យ៉ៃ លង់ខ្លួនចាញ់បាល់គ្មានសល់មួយរៀល ទើបប្រើយុទ្ធសាស្ត្រ “សេះដាច់យកសេះតាម” ខ្ចីម៉ូតូមិត្តភក្តិ ទៅដាក់បញ្ចាំយកលុយទៅចាក់បាល់ចាញ់ម៉ត់ថែមទៀត ទីបំផុត ក៏ត្រូវម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកយកទៅចាត់ការតាមច្បាប់។

ករណី មិត្តភក្តិជើងល្អស៊ីដាច់ម៉ូតូមិត្តភក្តិ ក្នុងរដូវវើលខាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចហាងផឹកស៊ីមួយកន្លែង នៅម្តុំសណ្ឋាគារប្រេស៊ីដង់ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

បុរសរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវមិត្តភក្តិហេងស៊យស៊ីដាច់ម៉ូតូ មានឈ្មោះខេម សំរឹទ្ធិតារា អាយុ៣៣ឆ្នាំ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យយកទៅបញ្ចាំ ម៉ាកហុងដាឃ្លីក ស៊េរីឆ្នាំ២០០៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FC-5745។ ចំណែកជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយសារតែសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូទី២ ហាក់ព្យាយាមលាក់បាំង និងរារាំងមិនឱ្យអ្នកសារព័ត៌មានថតរូបជនសង្ស័យ នោះទេ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់និងជនសង្ស័យបានស្គាល់គ្នារយៈពេល២ឆ្នាំមកហើយ គឺស្គាល់តាមរយៈការលេងបាល់ទាត់ជាមួយគ្នា។ លុះមកដល់ថ្ងៃកើតហេតុ នៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យខាងលើបានទូរស័ព្ទហៅ រូបគាត់ចេញទៅផឹកស៊ីជុំគ្នា នៅហាងកើតហេតុខាងលើ លុះគាត់ទៅដល់ ក៏ជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយ។ ស្រាប់តែមួយស្ទុះក្រោយមក ជនសង្ស័យក៏បានខ្ចីម៉ូតូរបស់គាត់ជិះ ដោយប្រាប់ថា ខ្ចីម៉ូតូជិះទៅយកលុយនៅផ្ទះមួយភ្លែត ចំណែកគាត់ក៏មិនបានគិតអ្វីច្រើនដែរ ព្រោះគិតថា ជាមនុស្សស្គាល់គ្នាយូរហើយ ទៅកំណាញ់អីនឹងឱ្យខ្ចីម៉ូតូជិះនោះ ទើបយល់ព្រមហុចសោទៅឱ្យជនសង្ស័យ ជិះម៉ូតូរបស់គាត់ចេញទៅបាត់ទៅ។

បុរសរងគ្រោះបន្តថា លុះចាំយូរពេក មិនឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនត្រឡប់មកវិញ ទើបគាត់បានទូរស័ព្ទទៅសួរជនសង្ស័យថា នៅឯណា ពេលណាត្រឡប់មកវិញ? បន្ទាប់មកជនសង្ស័យក៏បានត្រឡប់មកហាង តែមិនឃើញជិះម៉ូតូរបស់គាត់ត្រឡប់មកវិញនោះទេ។ លុះពេលមកជួបមុខគាត់ ជនសង្ស័យបាននិយាយថា “ឱ្យខ្ញុំសុំទោសបង ខ្ញុំបានយកម៉ូតូបងឯងទៅបញ្ចាំ យកលុយទៅចាក់បាល់អស់ហើយ តែជនសង្ស័យមិនបានប្រាប់ថា រូបគេយកម៉ូតូគាត់ទៅបញ្ចាំនៅកន្លែងណាទេ គ្រាន់តែនិយាយថា គេបញ្ចាំក្នុងតម្លៃ៦២០ដុល្លារ ដោយកន្លែងបញ្ចាំនោះ មិនត្រូវការឯកសារពាក់ព័ន្ធភ្ជាប់ជាមួួយទេ។

ក្រោយកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូ បានសម្រេចនាំខ្លួនជនសង្ស័យជាមិត្តភក្តិជើងល្អ មកប៉ុស្តិ៍នគរបាលផ្សារដេប៉ូ២ ដើម្បីឱ្យជួយអន្តរាគមន៍។

ក្នុងករណីខាងលើសនេះ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ ហាក់ដូចជាមានការលាក់បាំងចំពោះជនសង្ស័យខាងលើខ្លាំងណាស់ ព្រោះខណៈពេលដែលអ្នកសារព័ត៌មានចុះទៅផ្តិតយកព័ត៌មាន សូម្បីតែស្លាកប៉ុស្តិ៍ក៏ព្យាយាមហាមឃាត់មិនឱ្យអ្នកសារព័ត៌មានថតដែរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលរដ្ឋបាលខណ្ឌទួលគោក ដើម្បីចាត់ការ តាមនីតិវិធី៕

RELATED ARTICLES