Sunday, January 19, 2025
Homeសង្គម និងជីវិតតាទិញនាឡិកាឲ្យចៅមិនទទួល អន់ចិត្តចងកស្លាប់

តាទិញនាឡិកាឲ្យចៅមិនទទួល អន់ចិត្តចងកស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសពោះម៉ាយម្នាក់ ឮថាចៅចង់បាននាឡិកាពាក់ ក៏ខំប្រឹងធ្វើសំណង់សន្សំលុយយកទៅទិញនាឡិកាមកឱ្យចៅ ស្រាប់តែចៅស្មាថា ជីតានិយាយលេង ក៏ប្រាប់ថាខ្ញុំមិនយកទេ ទើបធ្វើអោយបុរសជាជីតាតូចចិត្ត ដើរផឹកស្រាស្រវឹង រួចក៏បាត់ខ្លួនរហូត ទោះជាក្រុមគ្រួសារតាមរកយ៉ាងណាក៏មិនឃើញ ទីបំផុត ក៏មានគេប្រទះឃើញសពជនរងគ្រោះចងកឡើងរលួយស្អុយ សល់តែគ្រោងឆ្អឹងក្នុងខ្ទមព្រៃមួយកន្លែង។

ករណីប្រទះឃើញសពចងកឡើងរលួយ សាច់សល់តែគ្រោងឆ្អឹងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចខ្ទម ក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិព្រៃព្រិចសង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

សពបុរសរងគ្រោះខាងលើនោះ មានឈ្មោះអៀន ប្រប់ អាយុ៤៩ឆ្នាំ ជាបុរសពោះម៉ាយមុខរបរកម្មករសំណង់ក្នុងបរិវេណផ្កាយ៥ និងមានលំនៅក្នុងភូមិកកោះ ឃុំស្លរក្រាម ស្រុកស្វាយចេក។

តាមសម្តី បុរសចំណាស់ឈ្មោះនៅ ភារម្យ អាយុ៣៧ឆ្នាំ ត្រូវជាសាច់ញាតិបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឮថា ចៅរបស់ខ្លួនចង់បាននាឡិកាពាក់ តែអត់លុយទិញ ក៏ខំប្រឹងធ្វើការសំណង់ សន្សំប្រាក់បានមួយចំនួន ក៏យកទៅទិញនាឡិកាឱ្យចៅនៅឯស្រុកកំណើតភូមិកកោះ។ ក្រោយពីទិញនាឡិកាបាន ហើយបុរសរងគ្រោះក៏យកនាឡិកាទៅឱ្យចៅ លុះយកទៅដល់ផ្ទះ ចៅនឹកស្មានថា ជីតានិយាយលេង ក៏និយាយថា ខ្ញុំមិនយកទេ ខ្ញុំរវល់បោចស្មៅដំឡូង។ នៅពេលឮសម្តីចៅបែបនេះ ជនរងគ្រោះក៏បានវិលមកកន្លែងធ្វើការនៅប៉ោយប៉ែតវិញ។

ប្រភពដែលបន្តថា ចាប់ពីពេលនោះ មក ជនរងគ្រោះទំនងជាខូចចិត្តខ្លាំង ដែលចៅមិន ទទួលយកនាឡិកា ដែលខ្លួនខំទិញឱ្យក៏ចេះតែផឹកស្រាស្រវឹងជាប់ជាប្រចាំ។ លុះដល់ដើមខែ មិថុនា ឆ្នាំ២០១៨ ជនរងគ្រោះក៏បាត់ខ្លួនរហូត និងត្រូវបានមិត្តភក្តិសាច់ញាតិ នាំគ្នាជួយដើរ តាមរកដែរ តែមិនឃើញសោះ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុក៏មានអ្នកស្រុកប្រទះឃើញសពស្អុយរលួយដោយយកខ្សែនីឡុងចងគីប ចងកសម្លាប់ខ្លួននៅក្នុងខ្ទមខាងលើ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងបានប្តឹងសមត្ថកិច្ច ចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួន ប្រាកដមែន និងបានចងកស្លាប់រយៈពេលប្រមាណ ជាង១០ថ្ងៃមកហើយ ដោយសពមានសភាពរលួយរលេះសាច់អស់សល់តែគ្រោងឆ្អឹងប៉ុណ្ណោះ៕​

RELATED ARTICLES