ខេត្តស្វាយរៀង ៖ យុវតីជាសិស្សសាលាម្នាក់ ទើបនឹងចេញពីសាលារៀន ក៏ស្រាប់តែត្រូវក្មេងស្ទាវឈាមរាវចំនួន៣នាក់ បានចេញមកស្ទាក់ផ្លូវ រួចធ្វើសកម្មភាពចាប់ច្របាច់ដោះលេង ធ្វើឱ្យយុវតីរងគ្រោះខឹង ក៏រត់ទៅប្រាប់ ម្តាយដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ក្មេងស្ទាវល្មោភកាមទាំង៣នាក់ យកទៅចាត់ការតាមច្បាប់។
ករណីក្មេងស្ទាវ៣នាក់ ស្ទាក់ចាប់ច្របាច់ ដោះក្មេងស្រីសិស្សសាលាដែលទើបនឹងចេញពីសាលារៀននេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្បែរវិទ្យាល័យពងទឹក ក្នុងភូមិទួលតាកែវ ឃុំពងទឹក ស្រុករំដួល។
ក្រុមក្មេងស្ទាវទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ រួមមានទី១-ឈ្មោះសេក ទឺត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិថ្មី ឃុំបុសមន ស្រុករំដួល (ជាជនដៃដល់) ទី២-ឈ្មោះម៉ុន ធារ៉ា អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិថ្មី ឃុំបុស្សមន ស្រុករំដួល (បក្ខពួក) និងទី៣-ឈ្មោះសំ វាសនា អាយុ១៩ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិ អណ្តូងក្រសាំង ឃុំពងទឹក ស្រុករំដួល (បក្ខពួក)។ ចំណែកយុវតីរងគ្រោះមានឈ្មោះ ម.ល.ក.ណ អាយុ១៦ឆ្នាំ មុខរបរសិស្សសាលា មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ នាងទើបនឹង ដើរចេញមកសាលារៀនក្នុងបំណងទៅផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខក្រុមជនសង្ស័យទាំង៣នាក់ខាងលើ បានមកស្ទាក់ផ្លូវនាងជាប់ និងបានប្រើសម្តីមិនសមរម្យ ដាក់នាងជាច្រើន តែនាងមិនតប ក៏ដើរបង្ហួស បំណងគេចចេញពីក្មេងពាលទាំង៣នាក់នោះ ស្រាប់តែភ្លាមៗ ក្មេងពាល២នាក់ (ឈ្មោះម៉ុន ធារ៉ា និងឈ្មោះសំ វាសនា) បាននាំគ្នាធ្វើសកម្មភាពចាប់ដៃនាងជាប់ បន្ទាប់មក ជនដៃដល់ឈ្មោះសេក ទឺត បានធ្វើសកម្មភាព ចាប់ច្របាច់ដោះនាងតែម្តង ធ្វើឱ្យនាងស្រែកឆោឡោឡើងហៅគេឯងឱ្យជួយ ទើបជនសង្ស័យ ភ័យក៏នាំគ្នារត់គេចខ្លួនបាត់អស់។
ក្មេងស្រីរងគ្រោះបន្តថា លុះពេលធ្វើ ដំណើរមកដល់ផ្ទះវិញ នាងក៏បានយករឿងរ៉ាវ ប្រាប់ឪពុកម្តាយឱ្យដឹង ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឆោឡោពេញភូមិ និងឈានដល់ការរាយការណ៍ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តាមស្រាវជ្រាវចាប់ខ្លួនក្រុមជនសង្ស័យទាំង ៣នាក់ នាំយកមកចាត់ការតាមច្បាប់តែម្តង។
ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារយុវតីរងគ្រោះ រួចមកសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនសង្ស័យទាំង៣នាក់ យកទៅសួរនាំ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនតៅកាន់អធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីចាត់ការបន្តតាមនីតិវិធី៕