ភ្នំពេញ ៖ ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញឆន្ទៈ និង ជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា ឥណ្ឌូនេស៊ីកាន់តែធំថែមទៀត ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទឹកប្រាក់ត្រឹមតែ ៤៥០ លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន។
លោកពីតូណូ ពឺណូម៉ូ(PitonoPurnomo)ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានថ្លែងប្រាប់ក្រុម អ្នកកាសែតក្រោយប្រារព្ធទិវាបុណ្យឯករាជជាតិលើកទី៧១ របស់ខ្លួននាព្រឹកថ្ងៃទី១៧ សីហានេះថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានសក្តានុពលធំធេងថែមទៀត ដោយសារប្រទេសឥណ្ឌូនេស៊ីជាទីផ្សារធំមួយ ដែលមានប្រជាជន២៥០លាននាក់ និងប្រទេសដែលមានផលទុនជាតិ សរុប១ពាន់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មទំហំ៤៥០លានដុល្លារអាមេរិកប៉ុណ្ណោះ តិចជាងទំហំពាណិជ្ជកម្មកម្ពុជា និងប្រទេសជិតខាងយ៉ាងច្រើន ខណៈប្រទេសជិតខាងកម្ពុជាមានប្រជាជនតិចធៀបជាមួយឥណ្ឌូនេស៊ី។
លោកបន្តថា ការនាំចូលពីឥណ្ឌូនេស៊ីមកកម្ពុជាមានទឹកប្រាក់ជាង៤០០លានដុល្លារ និងការនាំចេញពីកម្ពុជាទៅកាន់ឥណ្ឌូនេស៊ីមានទំហំទឹកប្រាក់ជាង២០លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ដូច្នេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានឱកាសពង្រីកកាន់តែធំថែមទៀត។ លោកបន្តថា ឥណ្ឌូនេស៊ីតែងតែរៀបចំពិព៌ណពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា ហើយប្រទេសឥណ្ឌូនេស៊ីតែងតែប្រារព្ធពិព័ណ៌ពាណិជ្ជកម្មលំដាប់ពិភពលោកជារៀងរាល់ឆ្នាំ និង បានអញ្ជើញអ្នកជំនួញកម្ពុជាទៅទស្សនកិច្ច និងស្វែងរកដៃគូពាណិជ្ជកម្មផងដែរ។
លោកPitonoPurnomoបានបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែធ្វើឡើងក្នុង ជំនាន់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ និង លោកប្រធានាធិបតីស៊ូកាណូនោះទេ ប៉ុន្តែបានចាប់ផ្តើមតាំងពីសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នមកម្ល៉េះ ហើយឥណ្ឌូនេស៊ីបានរួមចំណែកក្នុងការចរចាស្វែងរកសន្តិភាពជូនកម្ពុជាជាបន្តបន្ទាប់ផងដែរ ដូច្នេះតាមរយៈទំនងដ៏ល្អប្រទេសទាំងពីរ អ្នកជំនួញកម្ពុជា និងឥណ្ឌូនេស៊ី គួរជំរុញនិងបង្កើនទំហំវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់ច្រើនថែមទៀត។
លោកបន្តថា លោកក៏បានជួបជាមួយអ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយបានជំរុញឲ្យអ្នកជំនួញកម្ពុជាគិតគូពីការបង្កើនការវិនិយោគនៅឥណ្ឌូនេស៊ី ព្រោះប្រទេសឥណ្ឌូនេស៊ីមានប្រជាពលរដ្ឋថ្នាក់កណ្តាលឡើងលើច្រើន ។ លោកបន្តថា ប្រទេសឥណ្ឌូនេស៊ីក៏ចង់ចូលរួមក្នុងការដេញថ្លៃសាងសង់ និង ផ្គត់ផ្គង់ផ្លូវរថភ្លើងរបស់កម្ពុជាដែលបាន និងកំពុងស្តារឡើងវិញផងដែរ ព្រោះឥណ្ឌូនេស៊ីមានបទពិសោធន៍លើការងារនេះ និង បាននាំចេញផ្លូវថភ្លើង និងទូរថភ្លើងទៅកាន់បណ្តាប្រទេសជាច្រើនក្នុងតំលៃប្រកួតប្រជែងផងដែរ។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ប្រទេសឥណ្ឌូនេស៊ីមានចំនួនប្រជាជនក៏ធំ និងទំហំសេដ្ឋកិច្ចក៏ធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមហាអំណាចមួយក្នុងតំបន់នេះ ហើយឥណ្ឌូនេស៊ីជាមិត្តរបស់យើង។តាំងពីអតីតកាលមក ពេលកម្ពុជាមានបញ្ហាអ្វី ប្រទេសនេះតែងតែជួយប្រទេសរបស់យើង ដូច្នេះយើងត្រូវដឹងគុណរបស់របស់ប្រទេសនេះ ប៉ុន្តែអ្វីដែលសំខាន់គឺប្រទេសឥណ្ឌូនេស៊ីកាន់សាសនាខុសពីប្រជាពលរដ្ឋកម្ពុជា។លោកបន្តថា បើមើលបណ្តាប្រទេសក្នុងតំបន់អាស៊ាន គឺប្រទេសទាំងនេះតែងតែទាក់ទាញអ្នកវិនិយោគពីប្រទេសជឿនលឿន និងនាំយកទំនិញចេញទៅលក់នៅប្រទេសទាំងនោះ មិនសូវមានលក់ក្នុងប្រទេសក្នុងតំបន់នោះទេ តែសម្រាប់ប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ និងវៀតណាម បាននាំចូលមកលក់នៅកម្ពុជាច្រើន ហើយប្រទេសថៃផលិតសម្ភារៈប្រើប្រាស់ច្រើនជាងប្រទេសឥណ្ឌូនេស៊ី។
លោកបណ្ឌិតបានបន្តថា “ការចង់បង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺទាមទារឲ្យកម្ពុជាមានលិតផលមានគុណភាព មានផលិតផលលេចធ្លោ ដែលអាចធ្វើការនាំចេញទ៌ឥណ្ឌូនេស៊ី ពោលគឺកម្ពុជាគួរផលិតអ្វីដែលគេចង់បាន មិនមែនផលិតអ្វីដែលយើងចង់ផលិតនោះទេ”។លោកបន្តថា“ការមានទីតាំងឆ្ងាយ ពិបាកដឹកជញ្ជូន ក៏ជាឧបសគ្គមួយក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ”។គង់ លាងហួរ