Sunday, January 19, 2025
Homeព័ត៌មានជាតិផ្ទះពលរដ្ឋ២២ខ្នង ស្មើ៣១គ្រួសារ ត្រូវភ្លើងឆេះហ្មត់

ផ្ទះពលរដ្ឋ២២ខ្នង ស្មើ៣១គ្រួសារ ត្រូវភ្លើងឆេះហ្មត់

ភ្នំពេញ ៖ អគ្គិភ័យបានលេបត្របាក់ទាំងស្រុងផ្ទះប្រជាពលរដ្ឋ ២២ខ្នង ស្មើនឹង៣១គ្រួសារ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។ មូលហេតុ នៃអគ្គិភ័យនេះ ពុំទាន់ដឹងច្បាស់លាស់នៅឡើយ ទេ តែអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ប្រភពពីលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលមានវត្តមានតាំងពីអគ្គិភ័យឆាបឆេះរហូតដល់រលត់ បានឱ្យដឹងថា លំនៅឋានដែលឆាបឆេះទាំងនោះ សង់ជាប់គ្នាយ៉ាងរដឹកតែម្តង លុះមានអគ្គិភ័យកើតឡើង ក៏រាលឆេះពីមួយទៅមួយ ពិបាកធ្វើអន្តរាគមន៍ ប៉ុន្តែ ក្នុងហេតុការណ៍ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ការឆាបឆេះអស់រយៈពេល១ម៉ោង ដោយកម្លាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់២៧គ្រឿង ក្នុងនោះ៥គ្រឿង មកពីអាវុធហត្ថរាជធានីភ្នំពេញ និង២២គ្រឿងទៀតមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អណ្តាតភ្លើងត្រូវរលត់សូន្យសុងទៅវិញ នៅវេលាម៉ោង៦និង២០នាទី។

ក្នុងពេលចុះអន្តរាគមន៍នោះ កម្លាំងជំនាញ អគ្គិភ័យមានការលំបាកខ្លាំង ព្រោះស្ថានភាពផ្លូវនៅតំបន់កើតហេតុមានលក្ខណៈតូចចង្អៀត ពិបាកសម្រាប់រថយន្តពន្លត់អគ្គិភ័យចូលទៅ អន្តរាគមន៍បាញ់ទឹកពន្លត់ណាស់ ប៉ុន្តែដោយមានសមត្ថកិច្ចមូលដ្ឋានជួយសម្រួលចរាចរណ៍ផងនោះ ទើបរថយន្តពន្លត់អគ្គិភ័យបានបាញ់ពន្លត់ឱ្យស្ងប់ទៅវិញ និងកំពុងស្រាវជ្រាវពីការ បាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំង៣១គ្រួសារនោះ ដើម្បីសុំជំនួយបន្ទាន់៕

RELATED ARTICLES