ខេត្តប៉ៃលិន ៖ បុរស២នាក់ បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះក្រោយពីស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមក្លែមសម្តីដាក់គ្នា ទៅវិញទៅមករហូតផ្ទុះជាជម្លោះឈានដល់អំពើហិង្សា ដោយភាគីម្ខាងទប់កំហឹងមិនបាន ក៏ស្ទុះទៅដាល់គូំទនាស់ បណ្តាលឱ្យបែកភ្នែក កាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្សារជាងអូន ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ជនបង្កហេតុ ដែលផឹកស៊ីស្រវឹង ដាល់គូទំនាស់បែកភ្នែកនោះ មានឈ្មោះសុង សុហេង ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមាន ឈ្មោះពៅ ហ៊ួរ ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់បានអង្គុយផឹកស៊ីជុំគ្នា ដោយផឹកបណ្តើរជជែកគ្នាលេងបណ្តើរយ៉ាងសប្បាយ រីករាយ។ លុះក្រោយពេលចាប់ផ្តើមស្រវឹង ធ្លាក់ភ្នែករៀងៗខ្លួន ជនរងគ្រោះនិងជនដៃដល់ ក៏ចាប់ផ្តើមក្លែមសម្តីដាក់គ្នា រហូតផ្ទុះជាជម្លោះ តឹងសរសៃក ហើយភ្លាមនោះ ជនដៃដល់បានស្ទុះទៅវាយជនរងគ្រោះ ចំភ្នែំកខាងឆ្វេង បណ្តាលឱ្យរងរបួស៕