ខេត្តសៀមរាប៖ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ តែងតាំងសមាស ភាព បង្ក្រាបនិងទប់ស្កាត់ អំពើរត់ពន្ធខុសច្បាប់ ដោយមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាប្រធាន អគ្គនាយកគយនិងរដ្ឋាករ ជាអនុប្រធានអចិន្ត្រៃយ៍ ហើយប្រធាន សាខាគយ នៅតាមរាជធានីខេត្ត ក៏មានតួនាទីជាអនុប្រធានអចិន្ត្រៃយ៍ នៅតាម មូលដ្ឋាននីមួយៗដែរ សំដៅធ្វើការងារឱ្យមានប្រសិទ្ធភាពក្នុងការប្រមូលពន្ធជូនរដ្ឋ ប៉ុន្តែក្រុមអ្នកតាមដានកំណែទម្រង់គយ បានលើកឡើង ថា វិធានការនេះ មិនសូវមានប្រសិទ្ធភាពទេ ប្រសិនបើគ្មាន ការផ្លាស់ប្តូរតំណែង មន្ត្រីគយ មួយចំនួនដែលគ្មានឆន្ទះក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅ នាពេលកន្លងមក ។

ក្រុមអ្នកតាមដានកំណែទម្រង់នោះបាន បញ្ជាក់ថា ជាក់ស្តែងលោក សុខ សុដារ៉ា ដែល កំពុងកាន់តំណែង ជាប្រធានសាខាគយ ខេត្ត សៀមរាបសព្វថ្ងៃ មានជាប់ទាក់ទិនជាមួយ អំពើពុករលួយ ក្នុងការឃុបឃិតឱ្យមាន អំពើ រត់ពន្ធទំនិញខុសច្បាប់ គ្រឿងសំណង់ ទំនិញ ចាប់ហួយ និងសម្ងំកើបលុយពីការហូរចូលទំនិញ បង់ពន្ធមិនគ្រប់ នាំឱ្យខាតបង់ ចំណូលថវិកាជាតិ។ ប្រភពបន្តកន្លងមកគេមិនដែលឃើញមន្ត្រីគយ ក្រោមបញ្ជារបស់លោក សុខ សុដារ៉ា ចេញបង្ក្រាប ការដឹកជញ្ជូនទំនិញខុសច្បាប់ ឬទំនិញបង់ពន្ធមិន គ្រប់ម្តងណាឡើយ ចាប់តាំងពីពេលដែលលោក សុខ សុដារ៉ា ត្រូវបានតែងតាំងជាប្រធានសាខា គយប្រចាំខេត្តសៀមរាប បើទោះបីជាសកម្មភាព រត់ពន្ធទំនិញខុសច្បាប់កើតឡើង យ៉ាងអនាធិប-តេយ្យក៏ដោយ។ កង្វះឆន្ទះក្នុងការបង្ក្រាបការ ដឹកជញ្ជូនទំនិញខុសច្បាប់របស់លោក សុខ សុដារ៉ា បង្កើតឱ្យមានភាពប្រទាំងប្រទើស សម្រាប់ការកែទម្រង់ គយ ដូច្នេះមិនគួរណា រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មើល រំលងពីភាពអសកម្មបែបនេះនោះទេ។
មន្ត្រីគយមួយចំនួន បានបង្ហើបឱ្យដឹងថា ការសម្ងំកើបលុយ យ៉ាងស្ងៀមស្ងាត់បែបនេះ អាចធ្វើឱ្យលោកសុខ សុដារ៉ា មានលុយឡើង ខាប់ដូចទឹកគ្រឿង ហាក់ដូចជាមិនតុល្យភាព ទៅនឹងប្រាក់ខែ ជាមន្ត្រីគយនោះឡើយ។ លោក សុខ សុដារ៉ា មុនពេលតែងតាំងជា ប្រធានសាខា គយ ប្រចាំខេត្តសៀមរាប គាត់មានបទពិសោធ ក្នុងការសម្រួលឱ្យឈ្មួញរត់ពន្ធទំនិញខុសច្បាប់។ តាំងពីដើមមក ឈ្មួញទាំងតូចទាំងធំ ត្រូវឱន លំទោន សុំការយោគយល់ និងបង់លុយឱ្យលោក សុខ សុដារ៉ា ជាហូរហែ។

ប្រភពបញ្ជាក់ថា ការដឹកជញ្ជូនទំនិញ គ្រប់ ប្រភេទមកពីតាមច្រកព្រំដែន ប៉ោយប៉ែត អូរស្មាច់ សំដៅចូលមកឃ្លាំងស្តុកទំនិញ របស់ឈ្មួញធំៗ នៅក្នុងខេត្តសៀមរាប ដើម្បីលក់ចែកចាយទៅ តាមទីផ្សារ និងកន្លែងបោះដុំផ្សេងៗទៀតនឹង ធ្លាយទៅតាមបណ្តាខេត្តផ្សេងៗ ត្រូវឆ្លងកាត់ ខេត្តសៀមរាប ហើយក្នុងតួនាទីជាប្រធានសាខា គយ ខេត្តខេត្តសៀមរាប លោក សុខ សុដារ៉ា កំពុងសុខស្រួល ក្នុងការចាត់តាំង មន្ត្រីក្រោម ឱវាទឱ្យប្រមូលលុយពីក្រុមឈ្មួញ ទាំងការដឹក ជញ្ជូនទំនិញស្របច្បាប់ និងទំនិញបង់ពន្ធមិន គ្រប់ ពោលគឺគ្រប់ច្រក គ្រប់ដង្ហើម គ្រប់ទូរស័ព្ទ រោទ៍ សុទ្ធតែពាក់ព័ន្ធ នឹងបញ្ហាផលប្រយោជន៍ បុគ្គល។
ទោះជាយ៉ាងណាលោកសុខ សុដារ៉ា យើងមិនអាចទាក់ទងសុំការបំភ្លឺបានទេ កាល ពីម្សិលមិញ” ៕
ច័ន្ទ សុភាព