ពេជ្រ ថៃ ដែលបានផ្ទេរការសិក្សាពីខេត្តបាត់ដំបង មករាជធានីភ្នំពេញ ដោយចូលរៀនថ្នាក់ទី៨ នៅវិទ្យាល័យទួលស្វាយព្រៃ ក្រោយពេលដែលបានជាប់ពាន The Voice Kids Cambodia រដូវកាលទី១ ទាំងភាពចម្រូងចម្រាសនោះ ពេលនេះតារាចម្រៀងវ័យក្មេងដែលពូកែវោហារស័ព្ទនេះ បានផ្លាស់ទៅសិក្សានៅខេត្តបាត់ដំបង វិញហើយ ដោយសារតែលោកយាយរបស់គេមានជំងឺធ្ងន់។
អ្វីដែលធ្វើឱ្យមហាជនមានការខ្លោចចិត្ត ត្បិតអាណិតពេជ្រ ថៃ នោះ គឺកុមារារូបនេះស្រលាញ់លោកយាយរបស់គេខ្លាំងណាស់ ហើយជីដូនរបស់គេថែមទាំងនិយាយបណ្តាំទៅចៅ ទាំងក្តុកក្តួលទៀតផង ទើបធ្វើឱ្យពេជ្រ ថៃ សម្រេចចិត្តវិលត្រឡប់ទៅរៀននៅស្រុកកំណើតវិញ នៅពេលនេះ។ តាមរយៈអ្នកយកព័ត៌មានហង្សមាស លោកមាស រិទ្ធី ដែលបានជួបពេជ្រ ថៃ កាលពីពេលថ្មីនេះ លោករិទ្ធី បានថ្លែងសារថា “ជួបពេជ្រ ថៃ និងម្តាយឪពុករបស់គេនៅអ៊ីអន២ ខ្ញុំសួរគាត់រឿងរ៉ាវរៀនសូត្រ។ ឥឡូវថៃ នៅរៀនបាត់ដំបង ដោយសារជីដូនឈឺ ហើយជីដូនប្រាប់ថា បើចៅទៅច្រៀង ចប់ហើយ ត្រូវត្រឡប់ទៅបាត់ដំបង វិញ”។
តាមរយៈបណ្តាំរបស់ជីដូននេះ ធ្វើឱ្យពេជ្រ ថៃ ប្រញាប់ធ្វើការផ្លាស់ប្តូរការសិក្សារបស់ខ្លួនទៅស្រុកកំណើតវិញ យ៉ាងតក់ក្រហល់ ហើយនេះក៏ជាសកម្មភាពមួយដែលបង្ហាញថា កុមារាម្នាក់នេះស្រលាញ់ និងស្តាប់ពាក្យទូន្មានរបស់ជីដូនរបស់គេណាស់។ ប៉ុន្តែ គេនៅមិនទាន់ដឹងទេថា តើពេជ្រ ថៃ នឹងទៅរៀននៅស្រុកកំណើតវិញ ដោយបោះបង់ចោលអាជីពចម្រៀងនៅហង្សមាស តាមការដាស់តឿនរបស់ជីដូន ឬយ៉ាងណានោះទេ ខណៈដែលកន្លងមក ហង្សមាស ធ្លាប់រងសម្ពាធថ្មបាក់ រឿងឱ្យពានទៅពេជ្រ ថៃ នេះ ធ្វើឱ្យមហាជនជាច្រើនបានរិះគន់ទៅលើក្រុមហ៊ុនរបស់ខ្លួនពេញផ្ទៃប្រទេសតែម្តង។ យ៉ាងណា ពេជ្រ ថៃ ត្រូវបានការពារដោយក្រុមហ៊ុនហង្សមាស ហើយផលិតកម្មធំជាងគេក្នុងស្រុកនេះ និយាយការពារខ្លួនតបទៅមហាជនវិញថា ខ្លួនមិនមែនជាអ្នករៀបចំឱ្យពេជ្រ ថៃ កាន់ពាន The Voice Kids Cambodia នោះទេ គឺមហាជនជាអ្នកបោះឆ្នោតឱ្យ តែហង្សមាស មិនបានបង្ហាញទិន្នន័យនៃចំនួនអ្នក Vote នោះជាសារធាណៈឡើយ៕