ការចេញបើកឆាកនូវបទចម្រៀងលើកដំបូង របស់ម្ចាស់ពាន Cambodian Idol រដូវកាលទី3គ្រី ថៃពៅ តាមរយៈបទ “ខ្វះគេមិនបាន” នោះ មិនទទួលបានជោគជ័យ និងចាប់អារម្មណ៍ច្រើនទេពីទស្សនិកជន ដោយអ្នកខ្លះបានទម្លាក់កំហុសទៅលើអ្នកនិពន្ធថា សរសេរបទចម្រៀងឱ្យម្ចាស់ពានរូបនេះ ប៉ារូលមិនសូវល្អ ស្របពេលដែលខ្លះទៀត បាននិយាយថា សមត្ថភាពរបស់ថៃពៅ នៅមានកម្រិតនៅឡើយ ព្រោះច្រៀងហាក់នៅញ័រៗ និងភ័យៗ មិនស័ក្តិសមជាម្ចាស់ពានឡើយ។ ទោះជាយ៉ាងណានេះ មិនមែនជាលើកទី1ឡើយ សម្រាប់គ្រី ថៃពៅ ដែលរងការរិះគន់ពីមហាជននោះ ព្រោះថា ម្ចាស់ពាន Cambodian Idol រដូវកាលទី3 ដែលរៀបចំដោយក្រុមហ៊ុនហង្សមាសនេះ ក្រោយកាន់ពានភ្លាម ក៏ផ្ទុះប្រតិកម្មពីអ្នកលេងបណ្តាញសង្គមផងដែរថា រូបគេច្រៀងភ្លេចប៉ារ៉ូល អំឡុងពេលកំពុងប្រលងប្រជែង តែហង្សមាស បែរជាឱ្យថៃពៅ កាន់ពានទៅវិញ។
ទោះជាយ៉ាងណា គេមិនទាន់អាចវាស់ពីសមត្ថភាពរបស់គ្រី ថៃពៅ បានទេ ព្រោះទើបចេញបើកឆាកបទទី1ហេតុនេះហើយរូបគេនៅមានឱកាសជាច្រើនទៀត ដើម្បីស្តារមុខមាត់របស់ខ្លួនឡើងវិញ ខណៈដែលអ្នកជំនាញសិល្បៈ បានព្រមានម្ចាស់ពាននេះថា បើមិនប្រញាប់អភិវឌ្ឍន៍ខ្លួនបង្កើតក្រុមមរាំអមអាជីពនោះទេ រូបគេពិបាកប្រជែងទីផ្សារពីតារាម្ចាស់ពានជ្រកកោនក្រោមដំបូលផលិតកម្មតែមួយ មានដូចជា នី រតនា, ដួង វីរៈសិទ្ធ និងថែល ថៃ ជាដើម ដែលពួកគេសុទ្ធតែធ្វើបានល្អជាងគ្រី ថៃពៅ នៅពេលដែលចេញបទចម្រៀងបើកឆាកនៅហង្សមាស។
គួរបញ្ជាក់ថា គ្រី ថៃពៅ បានឈានទៅវគ្គផ្តាច់ព្រត្រ័កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambdian Idol រដូវកាលទី3 ដែលរៀបចំដោយក្រុមហ៊ុនហង្សមាស ដោយថៃពៅ បានផ្តួលបេក្ខភាព3រូបផ្សេងទៀត គឺលោកសៀក ញញឹម, កញ្ញាចែម ស្រីលក្ខណ៍ និងកញ្ញាឈាង សុវណ្ណរី។
ប្រភពបានឱ្យដឹងថា ក្រោយមិនទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន សម្រាប់បទចម្រៀងដំបូងបំផុតនៅហង្សមាស នោះ គ្រី ថៃពៅ ក៏ត្រូវផលិតកម្មធំនេះត្រៀមរុញរូបគេឱ្យថតភាពយន្តភាគឱ្យទូរទស្សន៍ហង្សមាស ផងដែរ៕