ម្ចាស់បទ “ពេលបងចាស់ទៅ” ដែលកំពុងល្បីល្បាញពេញស្រទាប់យុវវ័យ ឱក សុគន្ធកញ្ញា ដែលមួយរយៈនេះហាក់ស្ងប់ស្ងាត់មិនចេញទៅសម្តែងច្រៀងរាំនៅបរទេសនោះ ពេលនេះមានដំណឹងថា ឱក សុគន្ធកញ្ញា ត្រៀមចេញទៅច្រៀងរាំនៅប្រទេសចិន។
បើតាមទំព័រFacebook ឯកឧត្តមកឹម គុណវឌ្ឍ មុននេះបន្តិចបានបង្ហោះថា “ជូនជាដំណឹងថ្ងៃចុងសប្តាហ៍: តារាចម្រៀងដ៏ល្បីពេញនិយមរបស់កម្ពុជាមួយរូប គឺកញ្ញាឱក សុគន្ធកញ្ញា នឹងចូលរួមក្នុងមហោស្រពតន្រ្តីចម្រៀងមិត្តភាព រវាងចិននិងអាស៊ាន ដែលប្រព្រឹត្តធ្វើនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅក្រុង Hai Kou ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន រៀបចំដោយវិទ្យុអន្តរជាតិចិន CRI ។ នេះជាឆ្នាំទី ២ ហើយ ដែលតារាចម្រៀងល្បីរបស់កម្ពុជា ចូលរួមក្នុងមហោស្រពនេះនៅឆ្នាំ២០១៥ គឺ យុវអ្នកចម្រៀងម៉ា សុបញ្ញា បានចូលរួម ។ អ្នកចម្រៀងល្បីៗពីអាស៊ានទាំង១០ ប្រទេស និងអ្នកចម្រៀងល្បីៗរបស់ចិន នឹងចូលរួមក្នុងព្រឹត្តិការណ៏នេះ ។ កញ្ញាឱក សុគន្ធកញ្ញា បានឲ្យដឹងថា ” រូបកញ្ញា នឹងសម្រាំងបទចម្រៀងថ្មី ដើម្បីយកទៅបង្ហាញក្នុងមហោស្រពដ៏សំខាន់មួយនេះ”។ ទ.ទ.ក ធ្វើការចាក់ផ្សាយកម្មវិធីនេះនៅពេលបញ្ចប់មហោស្រព”។
តាមរយៈការចេញទៅច្រៀងរាំនៅប្រទសចិន នៅពេលខាងមុខនេះ ទស្សនិកជនកំពុងអន្ទះសាររង់ចាំមើលវត្តមានតារាចម្រៀងល្បីល្បាញរូបនេះពេលច្រៀងលើឆាកតន្ត្រីអន្តរជាតិយ៉ាងខ្លាំង៕