ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តបំផុត ដែលករណីអំពើហិង្សាមួយបានកើតឡើងនៅកណ្តាលទីសាធារណៈ ប៉ុន្តែមិនមានអ្នកអើពើជួយអន្តរាគមន៍ បណ្តោយឱ្យបុរសជាប្តីម្នាក់ បានប្រើកម្លាំងបាយវាយតប់ប្រពន្ធ រហូតដល់សន្លប់ដេកដួលលើចិញ្ចើមផ្លូវ ខណៈដែលគ្មានវត្តមានសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍សោះ ចំណែកប្រជាពលរដ្ឋនៅក្បែរនោះ ក៏គ្មានអ្នកហ៊ានចូលជួយ បានត្រឹមនាំគ្នាឈរមើលប៉ុណ្ណោះ។
ហេតុការណ៍អំពើហិង្សាដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិដើមថ្ងាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ប្តីប្រពន្ធទាំង២នាក់ខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង២០ឆ្នាំដូចគ្នា ដោយប្តីស្លៀកខោប៉ារ៉ាជើងខ្លី និងពាក់អាវយឺតដៃខ្លីពណ៌គគីរ ចំណែកស្ត្រីជាប្រពន្ធស្លៀកខោខូវប៊យជើងវែង និងពាក់អាវដៃវែងពណ៌ទឹកប៊ិក។
តាមប្រភពពីសាក្សីដែលប្រទះឃើញហេតុការណ៍ខាងលើផ្ទាល់ភ្នែក បានឱ្យដឹងដោយសុំមិនបញ្ចោញឈ្មោះថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធខាងលើ មិនដឹងជាធ្វើដំណើរមកពីណាទៅណាទេ បានមកឈ្លោះប្រកែកគ្នានៅចំណុចកើតហេតុខាងលើ ហើយភ្លាមនោះគេឃើញ បុរសជាប្តីកំណាច បានចុះពីលើម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-5486 មកវាយទៅលើស្ត្រីជាប្រពន្ធនោះយ៉ាងចាស់ដៃ រហូតដល់ស្ត្រីរងគ្រោះសន្លប់ស្តូកស្តឹងនៅលើចិញ្ចើមផ្លូវ ដោយគ្មានអ្នកណាម្នាក់ហ៊ានចូលទៅជួយនោះឡើយ។ ចំណែកសមត្ថកិច្ចមូលដ្ឋានទៀត សោត ក៏មិនឃើញមានវត្តមានចុះមកជួយអន្តរាគមន៍ដែរ សូម្បីតែជនសង្ស័យបានប្រើហិង្សាដាក់ប្រពន្ធអស់រយៈពេលដល់ទៅជិតកន្លះម៉ោងទៅហើយ ក៏នៅតែគ្មានឃើញសមត្ថកិច្ចណាម្នាក់ចុះមកដល់សោះ។
ប្រភពដដែលបន្តថា បន្ទាប់ពីវាយដំប្រពន្ធអស់ចិត្តអស់ចង់រួចហើយ គេឃើញបុរសជាប្តីកំណាចបានចាប់លើកប្រពន្ធដាក់លើម៉ូតូដឹកចេញទៅ ប៉ុន្តែភ្លាមនោះស្ត្រីរងគ្រោះ បានព្យាយាមស្រែកទាំងត្រដាបត្រដួស សុំឱ្យគេឯងនៅក្បែរនោះជួយផង ដោយនិយាយថា “សូមបងប្អូនជួយខ្ញុំផង បើខ្ញុំទៅជាមួយគាត់ គាត់ច្បាស់ជាសម្លាប់ខ្ញុំហើយ…”៕