Monday, January 20, 2025
Homeសង្គម និងជីវិតគូស្នេហ៍ប្រុសៗស្រលាញ់គ្នា រៀបការតាមប្រពៃណី

គូស្នេហ៍ប្រុសៗស្រលាញ់គ្នា រៀបការតាមប្រពៃណី

ខេត្តកំពត ៖ គូស្នេហ៍ស្រលាញ់ភេទដូចគ្នា (ប្រុសស្រលាញ់ប្រុស) ដែលបានប្រកាសថានឹងដឹកដៃគ្នាចូលរោងការនៅដើមខែកក្កដានេះ បានសម្រេចនូវបំណងប្រាថ្នាដ៏ធំក្នុងជីវិតរបស់ពួកគេហើយ ដោយអ្នកទាំងពីរពិតជាបានដឹកដៃគ្នាចូលរោងការតាមប្រពៃណីត្រឹមត្រូវ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានមេបាចាស់ទុំទាំងសងខាង ក៏ដូចជាមិត្តភក្តិ ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

គូស្នេហ៍ភេទដូចគ្នា (ប្រុសស្រលាញ់ប្រុស) ដែលបានដឹកដៃគ្នាចូលរោងការ តួអង្គប្រុស (កូនកំលោះ) មានឈ្មោះប្រាក់ ផាកន ចំណែកតួអង្គស្រី (កូនក្រមុំ) មានឈ្មោះអ៊ូច ធីរ៉ូ។ ពិធីរៀបការរបស់គូស្នេហ៍មួយនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងតាមលំដាប់លំដោយប្រពៃណី នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Vanny Seven កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហោះរូបភាពជាច្រើនសន្លឹក រួមនឹងវីដេអូឃ្លីបមួយ បង្ហាញពីការប្រព្រឹត្តទៅនៃពិធីមង្គលការគូស្នេហ៍ភេទដូចគ្នាខាងលើ ព្រមទាំងបានសរសេរសារមួយថា “ស្រីៗណាលង់ស្នេហ៍គាត់ កាត់ចិត្តទៅ គាត់រៀបការហើយ សុំចូលរួមត្រេកអរផង នៅថ្ងៃទី០៦ កក្កដា ២០១៨ នេះ អាពាហ៍ពិពាហ៍រវាងកំលោះទាំង២នាក់ បានរៀបការយកគ្នាជាប្តីប្រពន្ឋ ដូចការគ្រោងទុក ដែលមានភ្ញៀវចូលរួមយ៉ាងអធឹកអធម៌ នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យខេត្តកំពត។ ជូនពរអ្នកទាំង២ សំណាងល្អនារាត្រីទឹកឃ្មុំ ស្រីៗដែលនៅលីវហាមច្រណែន!!…”។
ពិធីមង្គលការរបស់គូស្នេហ៍ភេទដូចគ្នាខាងលើនេះ ត្រូវបានគេមើលឃើញថា ប្រព្រឹត្តទៅតាមលំដាប់លំដោយប្រពៃណីត្រឹមត្រូវ ពោលគឺមានតាំងពីពិធីហែជំនូនទទួលផ្កាស្លាចូលរោងជ័យ ពិធីកាត់សក់បង្កក់សិរី ក្រាបផ្ទឹមសំពះបាចផ្កាស្លា ព្រមទាំងពិធីទទួលភ្ញៀវពិសាភោជនាហារ… ជាដើម។ សរុបមកពិធីទាំងមូលបានប្រព្រឹត្តទៅយ៉ាងរលូន និងពោរពេញទៅដោយស្នាមញញឹម ប្រកបដោយការពេញចិត្តពេញថ្លើម។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សាមីខ្លួនកូនក្រមុំ ដែលមានឈ្មោះ Daro Ouch Ouch Daro បានបង្ហោះសារមួយថា “សិរីសួស្តី ថ្ងៃមង្គលការយើងខ្ញុំទាំងពីរ នៅថ្ងៃទី៦ ខែ៧ សូមឱ្យស្នេហាមួយនេះ ដក់ជាប់ក្នុងជីវិតលុះថ្ងៃអវសាន្ត ចាប់ពីពេលនេះតទៅ យើងក្លាយជាជីវិតតែមួយហើយ…”។

ដោយឡែក កាលពីពេលកន្លងទៅ គូស្នេហ៍ខាងលើនេះ បានបង្ហោះនូវពាក្យសម្បថរួមគ្នាមួយថា “ខ្ញុំទាំងពីរ នាក់សូមលើកដៃសច្ចាជាមួយគ្នាថា បើពួកខ្ញុំស្រលាញ់គ្នា សូមឱ្យស្រលាញ់ដល់ចាស់ បើព្រាត់ប្រាស់សូមឱ្យព្រាត់ប្រាស់ព្រោះស្លាប់ តែបើព្រាត់ស្លាប់ សូមឱ្យខ្ញុំទាំងពីរនាក់ ស្លាប់ជាមួយគ្នាចុះ ដោយគ្មានលក្ខខណ្ឌ ហើយពួកយើងទាំងពីរអ្នកក៏សូមប្រាថ្នាទៅជាតិមុខថា បើកើតមក សូមឱ្យម្នាក់ ក្លាយជាស្រីម្នាក់ក្លាយជាប្រុសពេញលក្ខណៈ ហើយបានជាប្តីប្រពន្ធជាមួយគ្នាគ្រប់ៗជាតិ ពិសិទ្ធ ដារ៉ូ…”៕

RELATED ARTICLES