ខេត្តកណ្តាល ៖ យុវជនឈាមរាវម្នាក់ ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ខឹងសុំលុយម្តាយមិនបាន ក៏រករឿងអុកឡុកពេញផ្ទះ លុះឪពុកមាចេញមកឃាត់មិនស្តាប់ ក៏វាយ១ដៃ ធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង ស្ទុះទាញកាំបិតដេញកាប់ឪពុកមារបស់ខ្លួន តែមិនបានសម្រេច បែរជាមួម៉ៅក្តៅចិត្ត ទាញដែកកេះដុតបំផ្លាញផ្ទះម្តាយបង្កើតខ្លួនឯង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅក្លាយជាផេះផង់។
ករណីយុវជនចិត្តខ្លាំងខឹងដេញកាប់ពូមិនបាន បែរជាដុតផ្ទះម្តាយបង្កើតឆេះគ្មានសល់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង។
ជនសង្ស័យដែលធ្វើសកម្មភាពដេញកាប់ឪពុកមាខ្លួនឯង និងថែមទាំងដុតផ្ទះម្តាយបណ្តាលឱ្យឆេះខ្ទេចអស់ទៀត មានឈ្មោះផល ទិត្យ អាយុ២២ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នស្នាក់ផ្ទះជាមួយម្តាយបង្កើត ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ៥ម៉ែត្រ គុណនឹង៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះកុក ស៊្រឺ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅក្នុង ភូមិឃុំកើតហេតុខាងលើ និងត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ។
លោកអនុសេនីយ៍ឯក ពុយ ទ្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទៅចូលរួមកម្មវិធីបង្កក់កូនរបស់អ្នកជិតខាង និងបានផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក លុះត្រឡប់មកដល់ផ្ទះវិញ ក៏បានស្រែកសុំលុយម្តាយចំនួន២ពាន់រៀល បំណងយកទៅទិញទឹកអូអ៊ិឈិ១ដបមកផឹក តែម្តាយមិនឱ្យ ទើបធ្វើឱ្យជនសង្ស័យខឹងច្រឡោតយ៉ាងខ្លាំង និងបានរករឿងអុកឡុកពេញផ្ទះ។ បន្ទាប់មកជនសង្ស័យក៏កើតមានទំនាស់ពាក្យសម្តីជាមួយឈ្មោះសូត្រ ស៊ីម ដែលត្រូវជាបងប្អូនជីដូនមួយរបស់ខ្លួន និងបានរើសដុំថ្ម គប់ទៅលើ ឈ្មោះសូត្រ ស៊ីម ទៀតផង។
លោកនាយប៉ុស្តិ៍ បន្តថា ក្រោយពេលឃើញក្មួយៗឈ្លោះគ្នា បុរសឈ្មោះប៉ោ លីធី ដែលត្រូវជាឪពុកមារបស់ជនសង្ស័យ បានដើរចូលទៅឃាត់ តែជនសង្ស័យមិនព្រមស្តាប់កាន់តែបំពានទៅលើឈ្មោះសូត្រ ស៊ីម ទើបបុរសជាឪពុកមាអត់ទ្រាំពុំបាន ក៏ទះជនសង្ស័យ១កំផ្លៀង ជាហេតុ ធ្វើឱ្យជនសង្ស័យផ្ទុះកំហឹងកាន់តែខ្លាំង ស្ទុះទៅផ្ទះទាញកាំបិតប៉័ងតោចំនួន២កាន់ជាប់នៅនឹងដៃសងខាង រត់ដេញតាមកាប់ទៅលើឪពុកមា តែកាប់ មិនបាន ដោយសារឪពុកមាដឹងខ្លួនមុន រត់គេចខ្លួនបាត់៕