ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់បានលេងល្បែងឡូតូចាញ់អស់លុយពីហោប៉ៅ ក៏សុំលុយប្តីចំនួន១ម៉ឺនរៀល ដើម្បីមកលេងបន្តស្រង់ដើមវិញ តែប្តីមិនឱ្យ ទើបធ្វើឱ្យមួម៉ៅក្តៅចិត្ត រត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។
ស្ត្រីគំនិតខ្លីដែលតូចចិត្តសុំលុយប្តីលេងឡូតូបន្តអត់បាន បែរជាចងកធ្វើអត្តឃាត មានឈ្មោះកាក់ គឹមស្រន់ អាយុ២០ឆ្នាំ មានលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅលេងល្បែងឡូតូជាមួយអ្នកភូមិ រហូតដល់ចាញ់អស់លុយចំនួន១០ម៉ឺនរៀល។ បន្ទាប់មក បុរសជាប្តី ក៏បានជិះម៉ូតូទៅដល់កន្លែងលេងឡូតូ រួចក៏ហៅប្រពន្ធឱ្យត្រឡប់មកផ្ទះវិញ ប៉ុន្តែប្រពន្ធហាក់មិនអស់ចិត្ត ក៏សុំលុយប្តី១ម៉ឺនរៀលបន្ថែមទៀត ដើម្បីលេងបន្ត (សេះដាច់ យកសេះតាម) ប៉ុន្តែបុរសជាប្តី មិនព្រមឱ្យលុយ និងបានព្យាយាមហៅប្រពន្ធឱ្យទៅផ្ទះវិញ។
ប្រភពដដែលបន្តថា ដោយសារតែប្តីមិនព្រមឱ្យលុយលេងបន្ត ទើបស្ត្រីរងគ្រោះខឹងសម្បា មិនព្រមឡើងជិះម៉ូតូទៅផ្ទះវិញជាមួយប្តីនោះទេ ពោលគឺឱ្យប្តីជិះម៉ូតូទៅមុន ចំណែកខ្លួនឯង សុខចិត្តដើរតាមក្រោយ។ លុះពេលទៅដល់ផ្ទះ ស្ត្រីរងគ្រោះ ក៏បានចូលទៅសម្ងំក្នុងផ្ទះ ដោយបានដាក់គន្លឹះទ្វារពីខាងក្នុងជាប់ បន្ទាប់មកក៏ធ្វើសកម្មភាពចងកសម្លាប់ខ្លួនតែម្តង៕