ភ្នំពេញ ៖ គូស្នេហ៍មួយគូ បានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំ និងបានរួមរស់នឹងគ្នាដូចប្តីប្រពន្ធ១ឆ្នាំមកហើយ លុះខាងប្រុស មានឃើញគូស្នេហ៍របស់ខ្លួនឧស្សាហ៍និយាយទូរស័ព្ទជាមួយមិត្តប្រុសនៅឯក្រៅប្រទេស ក៏កើតចិត្តប្រចណ្ឌ រករឿងឈ្លោះប្រកែក រួចក៏ស្ទុះទៅទាញដបប្រេងខ្យងវាយខាងស្រី បណ្តាលឱ្យរយះដៃ ធ្វើឱ្យខាងស្រីស្នេហ៍ កើតទុក្ខមិនសុខចិត្ត ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។
ករណីគូស្នេហ៍ផ្ទុះហិង្សាដាក់គ្នាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
នារីរងគ្រោះដែលត្រូវប្រុសស្នេហ៍វាយ១ដបប្រេងខ្យង បណ្តាលឱ្យរងរបួសរយះដៃ មានឈ្មោះហ៊ុំ ដានី អាយុ២៧ឆ្នាំ មុខរបរលក់ដីឡូតិ៍ រងរបួសដៃខាងឆ្វេង។ ចំណែកជនបង្កជាប្រុសស្នេហ៍ មានឈ្មោះឌុច ចត្រា អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ។ គូស្នេហ៍ខាងលើ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា រវាងនាងនិងប្រុសស្នេហ៍ បានស្គាល់គ្នាអស់រយៈពេលជាង៣ឆ្នាំមកហើយ ប៉ុន្តែទើបនឹងបានរួមរស់នឹងគ្នាដូចប្តីប្រពន្ធ (ជួលបន្ទប់ស្នាក់នៅជាមួយគ្នា) រយៈពេល១ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ ជីវិតគូស្នេហ៍របស់នាង រស់នៅ មិនសូវមានសុភមង្គលប៉ុន្មានទេ ដោយសារតែប្រុសស្នេហ៍គឺជាមនុស្សមានចិត្តប្រចណ្ឌច្រើន និងឧស្សាហ៍ប្រើហិង្សាដាក់នាងខ្លាំងណាស់ ពោលគឺឱ្យតែនាងធ្វើឱ្យគេទាស់ចិត្ត ច្បាស់ជាត្រូវគេវាយទក់សាច់មិនខាន។
នារីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ មិត្តប្រុសរបស់នាងម្នាក់ បានខលទូរស័ព្ទពីប្រទេសអូស្ត្រាលីមកនិយាយលេងជាមួយរូបនាង លុះខណៈដែលរូបនាង កំពុងនិយាយទូរស័ព្ទជាមិត្តប្រុស ស្រាប់តែសង្សាររបស់នាង ដែលកំពុងអង្គុយនៅជាមួយគ្នា នៅក្នុងបន្ទប់ជួល បានខឹង ផ្ទុះភ្លើងប្រចណ្ឌ រូបនាងជាមួយមិត្តប្រុសនៅក្រៅប្រទេសនោះ រួចក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែក និងបានស្ទុះមកវាយនាង បណ្តាលឱ្យរហែកអាវ។ បន្ទាប់មក ដោយមិនទាន់អស់ចិត្ត ប្រុសស្នេហ៍ហេងស៊យរូបនេះ បានរត់ទៅយកដបទឹកប្រេងខ្យង មកវាយនាងបណ្តាលឱ្យចំដៃ ខាងឆ្វេង របួសហូរឈាមស្រោចដៃទៀតផង៕