ខេត្តតាកែវ ៖ បុរសម្នាក់ ក្រោយពីកើតមានបញ្ហាទំនាស់ក្នុងគ្រួសារបន្តិចបន្តួច ក៏មួម៉ៅក្តៅចិត្ត ដើរទៅផឹកស្រារហូតដល់ស្រវឹងធ្លាក់ភ្នែក មិនព្រមត្រឡប់ទៅផ្ទះ ក៏ដើរទៅសម្ងំដេកនៅលើផ្លូវដែក ស្រាប់តែអកុសល ត្រូវរថភ្លើងបើកិឆ្លងកាត់ ក៏កិនពីលើ បណ្តាលឱ្យដាច់ជើងទាំងសងខាងត្រឹមភ្លៅ ស្លាប់យ៉ាងអាណោចអាធ័ម។
ករណីបុរសខូចចិត្តរឿងគ្រួសារ រត់ទៅផឹកស្រាស្រវឹង ដេកលើផ្លូវដែក រហូតត្រូវរថភ្លើងកិនស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើង ចន្លោះគីទ្បូម៉ែត្រ៥៨-៥៩ ស្ថិតក្នុងភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង។
បុរសរងគ្រោះដែលត្រូវរថភ្លើងកិនស្លាប់យ៉ាងរន្ធត់ មានឈ្មោះកែវ សុឃីម អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិតាពោន ខាងកើត ឃុំសំរោង ស្រុកសំរោង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មិនមានអ្នកណាម្នាក់បានប្រទះឃើញផ្ទាល់ភ្នែក ចំពោះហេតុការណ៍រថភ្លើងកិនបុរស រងគ្រោះខាងលើនេះស្លាប់ទេ ប៉ុន្តែកាលពីអំឡុងទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ គេលាន់លឺសំឡេងស៊ីផ្លេរថភ្លើង បានរន្ថើនយ៉ាង ខ្លាំងនៅចំណុចកើតហេតុខាងលើ តែគ្មានអ្នកណាចាប់អារម្មណ៍ថា រថភ្លើងកិនមនុស្សស្លាប់នោះទេ។ រហូតមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃដដែល ទើបមានអ្នកប្រទះឃើញ ក៏កើតមានការផ្អើលឆោឡោឡើងតែម្តង៕