Monday, January 20, 2025
Homeសង្គម និងជីវិតអាសូរក្មេងស្រីណាស់! អង្គុយលេងក្រោមផ្ទះសុខៗ រន្ទះបាញ់ស្លាប់

អាសូរក្មេងស្រីណាស់! អង្គុយលេងក្រោមផ្ទះសុខៗ រន្ទះបាញ់ស្លាប់

ខេត្តកំពង់ធំ ៖ ក្មេងស្រីម្នាក់ កំពុងអង្គុយលេងនៅខាងក្រោមផ្ទះរបស់ខ្លួន ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ក៏ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ជាហេតុធ្វើឱ្យឪពុកម្តាយយំសោកបោកខ្លួនស្តាយស្រណោះកូនស្រីយ៉ាងខ្លាំង និងបង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៤ និង០៥នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។

ក្មេងស្រីរងគ្រោះ ដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះញឹម មេសា អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅក្នុងមូលដ្ឋានខាងលើ មានភ្លៀងធ្លាក់មួយមេធំ លាយឡំដោយផ្គររន្ទះទៀតផង។ ចំណែកក្មេងស្រីរងគ្រោះ ខណៈឃើញមេឃធ្លាក់ភ្លៀងខ្លាំង មិនហ៊ានចេញក្រៅផ្ទះនោះទេ គឺនៅអង្គុយ លេងនៅលើគ្រែខាងក្រោមផ្ទះរបស់ខ្លួន។ ស្រាប់តែអកុសល បន្តិចក្រោយមក ក៏ត្រូវរន្ទះបាញ់ប្រហារ ចំក្មេងស្រីរងគ្រោះ បណ្តាលឱ្យសន្លប់ស្តូក ស្តឹងនៅនឹងកន្លែង និងត្រូវបានក្រុមគ្រួសារ ព្រមទាំងអ្នកជិតខាងស្ទុះមកជួយលើកពិនិត្យមើល និងជួយសង្គ្រោះបឋមដែរ តែអកុសល ក្មេងស្រីរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ធ្វើឱ្យឪពុកម្តាយយំសោកបោកខ្លួនយ៉ាងខ្លាំង ដែលមិនគួរណាសោះ ត្រឹមមួយប៉ព្រិចភ្នែកត្រូវបាត់បង់កូនស្រីជាទីស្រលាញ់បែបនេះឡើយ៕

RELATED ARTICLES