ខេត្តកណ្តាល ៖ យុវជនម្នាក់នេះ បើកប្រាក់ខែចំថ្ងៃដែលប្រពន្ធឈឺពោះសម្រាលកូន លុះពេលបានប្រាក់ខែដល់ដៃ មិនព្រមជូនប្រពន្ធទៅមន្ទីរពេទ្យសម្រាលកូនទេ បែរជាជិះម៉ូតូចេញទៅដើរផឹកស៊ីជាមួយមិត្តភក្តិបាត់ ទុកឱ្យប្រពន្ធឈឺពោះតែឯងលំបាកវេទនា គ្មានលុយកាក់ជាប់ខ្លួន និងគ្មានសូម្បីអ្នកជូនទៅមន្ទីរពេទ្យ សំណាងល្អបានអ្នកជិតខាងអាណិត ក៏ជូនទៅមន្ទីរពេទ្យទាន់ពេល ស្រាប់តែពេលប្រពន្ធសម្រាលកូនរួច ក៏លេចមុខប្តីត្រឡប់មកផ្ទះវិញ ប៉ុន្តែម៉ូតូក៏បាត់ ប្រាក់ខែក៏អស់ រួចនិយាយប្រាប់ប្រពន្ធថា ត្រូវគេដាក់ថ្នាំសណ្តំយកអស់ទៅហើយ។
ករណីដ៏គួរឱ្យហួសចិត្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែកក្កដា នាំ២០១៨ នៅចំណុចភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង។
ប្តីប្រពន្ធខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ។
តាមប្រភពពីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Yu Kamin បានបង្ហោះសារមួយ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថា “ជូនប្រពន្ធកូនជាងមកសម្រាលកូន ចំណែកប្តីបើកលុយហើយផឹកអត់ចូលផ្ទះ ប្រពន្ធឈឺពោះ បាននាក់ជិតខាងជូនមកពេទ្យ លុយក៏គ្មានមួយរៀល ប្តីបើកលុយហើយដើរមិនចូលផ្ទះ ឃើញហើយចង់យំតាម អាណិតលើសពីអាណិត នេះហើយជីវិត ផ្តិតមេដៃជំនួសប្តីគេទៀត ម្តាយនៅខេត្ត រកទីពឹងគ្មាន ហៅតុកតុកជិះមក គាត់ចិត្តល្អអត់យកលុយទៀត…”។
ម្ចាស់គណនីខាងលើ បានបន្តថា “សូមពឹងបងប្អូននៅស្វាយរលំផង បើបានឃើញគាត់ជួយប្រាប់ផង ថាប្រពន្ធឈឺពោះកើតកូននៅពេទ្យជ័យជំនះ សំខាន់នោះគាត់គ្មានលុយមួយរៀលទេ បាននាក់ជិតខាង និងរូបខ្ញុំផ្ទាល់ជួយយកមកពេទ្យ ព្រោះកូនកើតមុនថ្ងៃ បើបានឃើញគាត់ សូមជួយតេមកលេខ ០៩៨ ៨៥ ៨០ ៨០ ដោយក្តីអនុគ្រោះផង ជួយសែបន្តផងហ្វែន…”។
ដោយឡែក មកដល់វេលាម៉ោងជាង២រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហោះសារថ្មីមួយទៀតថា “ប្តីរបស់គាត់មកវិញ ហើយហ្វែន មកអង្គុយយំកន្លែងខ្ញុំហ្នឹងឯង ប្រាប់ថាត្រូវគេដាក់ថ្នាំយកម៉ូតូរបស់គាត់ទៅបាត់ហើយ នេះជាម្តាយបង្កើតរបស់គាត់យំទាំងពីរនាក់ បើកលុយតាំងពីថ្ងៃសៅរ៍ ទៅផឹកស៊ីនៅតាខ្មៅ ខ្ញុំហាក់ដូចជាមិនយល់ពីសម្តីរបស់គាត់សោះ គាត់ប្រាប់ខ្ញុំផ្សេង ប្រាប់ម្តាយគាត់ផ្សេង គាត់ប្រាប់ ថាមានគេជូនមក ដល់ម្តាយគាត់មក ប្រាប់ថាប៉ូលិសនៅតាខ្មៅជូនមក ម៉ូតូក៏បាត់ ប្រាក់ខែក៏អស់ ហ្វែន យល់យ៉ាងម៉េចវិញពេលនេះ…”។
គួរបញ្ជាក់ថា យោងតាមការអះអាងរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ បុរសជាប្តីរូបនោះ បានបើកប្រាក់ខែ តាំងពីថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨ រួចក៏ជិះម៉ូតូ១គ្រឿងចេញពីផ្ទះទៅដើរផឹកស៊ីបាត់ ដោយមិនបានត្រឡប់មកផ្ទះវិញសោះ។ បន្ទាប់មក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ស្ត្រីជាប្រពន្ធក៏ចាប់ផ្តើមឈឺពោះសម្រាលមុនថ្ងៃ តែគ្មានប្តីនៅក្បែរ គ្មានលុយ១រៀលជាប់ខ្លួន និងត្រូវបានអ្នកជិតខាងអាណិត ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ តាមរយៈម៉ូតូកង់បីបុរសចិត្តធម៌ម្នាក់ ដែលមិនយកថ្លៃដឹកទៅទៀត។ លុះក្រោយពីរឿងរ៉ាវប្រពន្ធសម្រាលកូនខ្ចី ប្តីដើរផឹកបាត់ពីផ្ទះនេះ បែកធ្លាយសុសសាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏មានសប្បុរសជន និងអ្នកលេងហ្វេសប៊ុកមួយចំនួន មានចិត្តធម៌ បានផ្តល់ការឧបត្ថម្ភដល់ស្ត្រីអភ័ព្វរូបនេះ ជាហូរហែដែរ៕