ក្នុងឈុតប្រពៃណីខ្មែរដ៏ប្រណីត នាងសុខ សោម៉ាវត្តី ពិតជាស្រស់ស្អាតណាស់ នៅពេលដែលក្លាយជាកូនក្រមុំរៀបការ ឡើងផ្អើលភ្ញៀវអស់នៅផ្សារអ៊ីអន២ សែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ។ ដោយឡែកកូនប្រុសដែលឈរហែជំនូនទាំងព្រឹកព្រលឹម ញញឹមបិទមាត់មិនជិតនោះ គឺបុរសសង្ហាសុខ ចាន់នី ព្រមទាំងមានក្រុមគ្រួសារឈរអម ទាំងទឹកមុខរីករាយទាំងសងខាង ខណៈដែលពិធីបានរៀបចំតាមលំដាប់លំដោយទាំងអស់ គ្មានចន្លោះត្រង់ណាឡើយ គឺរៀបចំតាមប្រពៃណីខ្មែរ ។
ការហែជំនូន បំពាក់ចិញ្ចៀន កាត់សក់ និងក្រាបផ្ទឹម ជាដើម ស្របពេលដែលល្ងាចថ្ងៃដដែលនោះ ក៏មានពិធីជប់លៀងជួបជុំភ្ញៀវកត្តិយសទាំងសងខាងផងដែរហើយនាងសោម៉ាវត្តី និងលោកសាន់នី ឈរចាំទទួលភ្ញៀវ និងការថតរូបពីសំណាក់ភ្ញៀវដែលដើរមកកម្សាន្ដនៅផ្សារអ៊ីអនសែនសុខ នេះ។
អ្នកដំណើរដែលមកលេងផ្សារទំនើបអ៊ីអន ហើយឈានទៅលេងនៅសាលជាន់ទី៣នោះ ពួកគេមានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលឃើញសុខ សោម៉ាវត្តី និងលោកសុខ សាន់នី បំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក ហើយកូនប្រុសថើបដៃកូនស្រី មិនចង់ព្រលែងឡើយ ទើបគ្រប់គ្នាលាន់មាត់ថា គូស្នេហ៍នេះស័ក្តិសមគ្នាខ្លាំងណាស់ ព្រោះស្រីស្រស់គូប្រុសសង្ហា។
ប៉ុន្ដែនៅពេលដែលជជីកសួរពីមង្គលការនេះ បែរជាសុខ សោម៉ាវត្តី អះអាងថា មិនមែនជាការរៀបការមែនទែន ដែលក្រោយជប់លៀងចប់កូនក្រមុំកំលោះ ត្រូវផ្សំដំណេកជាមួយគ្នានោះឡើយ។
ពិធីការិនីតូចច្រឡឹងរបស់ប៉ុស្ដិ៍បាយ័ន រូបនេះ និយាយលាយឡំសំណើចថា ”គ្រប់គ្នាថា ខ្ញុំការប្ដីថ្មីទៀតហើយ មានអ្នកខ្លះសរសើរថា ឯងហ្នឹងរកបានប្ដីក្មេងស្អាតទៀត… (សើច)។ ឥឡូវសូមនិយាយដោយត្រង់ទៅចុះ ការថ្ងៃហ្នឹង គេជួលមកថតសម្អាងការ និងរៀបការឲ្យគេ ក្នុងការឃោសនាផ្សារទំនើបអ៊ីអន សែនសុខ នេះ ជាន់ទី៣ មានសាលធំមួយដែលគេអាចរៀបចំមង្គលការបាន ដោយលក្ខណៈផ្ដាច់មុខ ថ្លៃថ្នូរ គ្មានពីណាលាយឡំជាមួយយើងទេ។ ចំណែកការដែលគេថា ខ្ញុំស្អាតហ្នឹង គឺដោយសារសម្អាងការពិធីមង្គល ព្រោះអីខ្ញុំធ្លាប់ថតសម្អាងការឲ្យគាត់ដែរ ឃើញថា សម្លៀកបំពាក់គាត់ មិនមែនតែខ្ញុំទេឲ្យតែកូនក្រមុំ ត្រូវការ គឺពាក់ឈុតហ្នឹងទៅស្អាត ដូចតែគ្នាហ្នឹង។ ចំពោះខ្ញុំនិងលោកសុខ សាន់នី គ្មានអ្វីពិសេសជាមួយគ្នាទេ ការរួចទៅគេងផ្ទះរៀងៗខ្លួន មិនមែនកូនកំលោះ បីកូនក្រមុំផ្សំដំណេកអី អត់មានរឿងអីចឹងទេ”។
អ្នកដែលឃើញសុខ សោម៉ាវត្តី តែងខ្លួនជាកូនក្រមុំលើកទី២នេះ លាន់មាត់ថា តារារូបនេះនៅតែរក្សារូបរាងស្វែលស្អាត មិនចាញ់កាលនៅក្រមុំឡើយ បើទោះជាពេលនេះនាងមានកូន១ទៅហើយក្ដី។ អ្នកខ្លះទៀតថែមទាំងបានសរសើរកូនកំលោះលោកសុខ សាន់នី ទៀតផងថា ពិតជាមានភ្នែកមុតមែន ជ្រើសបានកូនស្រីស្អាតជាតារាល្បីទៀត អីចឹងមិនដឹងជាមានប្រុសប៉ុន្មាននាក់ទេ ដែលច្រណែនលោកសាន់នី ហើយពួកគេមិនជឿថា មង្គលការនេះក្លែងក្លាយនោះទេ ព្រោះថា មានរៀបចំកម្មវិធីតាមក្បួនខ្នាតប្រពៃណីខ្មែរទាំងអស់។
លោកសុខ សាន់នី ដែលគេសរសើរថា បានប្រពន្ធស្អាតនោះ និយាយទាំងរំភើបលាយឡំសំណើចថា ”និយាយទៅ ខ្ញុំពេញចិត្តពិធីព្រឹកនេះណាស់ ព្រោះខ្ញុំជាកូនកំលោះរបស់សុខ សោម៉ាវត្តី ដែលជាតារាល្បីស្រីស្អាតក្នុងសិល្បៈ។ ខ្ញុំលង់សម្រស់សោម៉ាវត្តី ខ្លាំងណាស់ ពេលដែលគាត់គ្រងឈុតកូនក្រមុំសម្អាងការពិធីមង្គលដ៏ស្រស់ស្អាតនេះ។ ប៉ុន្តែគួរឲ្យស្ដាយ ខ្ញុំមិនមែនជាប្ដីវត្តី មែនទែននោះទេ គឺគ្រាន់តែរៀបការដើម្បីឲ្យគេដឹងថា ផ្សារអ៊ីអនសែនសុខ មានសាលសម្រាប់គូស្វាមីភរិយាថ្មីត្រូវការរៀបការ គឺស័ក្តិសមបំផុតជាមួយសម្អាងការពិធីមង្គលហ្នឹងតែម្ដង។ ប៉ុន្តែពិបាកដែរ ក្រោយពេលគេថា ខ្ញុំនិងសោម៉ាវត្តី សមគ្នានេះ ខ្ញុំត្រូវតែស្វែងយល់ចិត្តទៅលើវត្តី ថែមទៀត ព្រោះថាយើងមិនអាចដឹងថា ពេលខាងមុខ មានរឿងអីកើតឡើងទេ។ សម្រាប់ខ្ញុំវត្តី ជានារីស្អាតរួសរាយ រម្យទម មិនឆ្មើងឆ្មៃ នារីបែបនេះ មិនថាតែខ្ញុំទេ ប្រុសណាក៏ចង់បានធ្វើជាប្រពន្ធដែរ”៕