ខេត្តកណ្តាល ៖ បុរសម្នាក់ បានជិះម៉ូតូជូនគូដណ្តឹង និងប្អូនថ្លៃស្រីរបស់ខ្លួនទៅផ្ទះ លុះទៅដល់ច្រកចូលផ្ទះ បត់ឆ្លងផ្លូវដោយខ្វះការប្រុង ប្រយ័ត្ន មិនបានមើលមុខក្រោយ ក៏ជួបគ្រោះអកុសល ត្រូវរថយន្តដឹកដី១គ្រឿង បើកមកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យធ្លាក់ប្អូនថ្លៃ ស្រីចូលក្រោមកង់រថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម ចំណែកស្ត្រីជាគូដណ្តឹងរងរបួសធ្ងន់ រីឯបុរសជាគូដណ្តឹងដែលជាអ្នកបើកម៉ូតូ ទទួលរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង២៥នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង។
ក្មេងស្រីរងគ្រោះ ដែលត្រូវរថយន្តកិនស្លាប់ មានឈ្មោះភួង ស្រីពៅ អាយុ១១ឆ្នាំ មុខរបរសិស្ស។ ចំណែកស្ត្រីរងគ្រោះជាបងស្រីបង្កើតរបស់ក្មេងស្រីរងគ្រោះ ដែលទទួលរងរបួសធ្ងន់ មានឈ្មោះភួង សុគុន្ធ អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ជនរងគ្រោះទាំង២នាក់បងប្អូន មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកបុរសជាគូដណ្តឹងដែលជាអ្នកបើកម៉ូតូ មានឈ្មោះភោគ សំអុល អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិត្រពាំងស្តុកគ្រួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-2772។
ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយយុវជនឈ្មោះឃុន វិបាន អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិ ត្រាំត្រសរ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន) និងរួមដំណើរដោយឈ្មោះសន ស៊ុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរព្រូរថយន្ត មានលំនៅក្នុងភូមិត្រពាំងអំពិល ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង៣នាក់ខាងលើ ជិះម៉ូតូដឹកគ្នា តាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងមកជើង។ លុះមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរម៉ូតូខាងលើ បានបត់ឆ្វេងឆ្លងផ្លូវពី កើតទៅលិច ដោយខ្វះការប្រុងប្រយ័ត្ន មិនបានមើលមុខក្រោយត្រឹមត្រូវ ស្របពេលនោះ ក៏មានរថយន្តហ៊ីយ៉ាន់ដាយខាងលើ បើកក្នុងទិសដៅ ស្របគ្នា បានមកដល់ពីក្រោយ លុះស្ថានការណ៍ប្រថុចញ៉ុចពេក ធ្វើឱ្យអ្នកបើករថយន្ត បួងចង្កូតគេចមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឱ្យដួលម៉ូតូខ្ទាតក្មេងស្រីរងគ្រោះចូលក្រោមកង់រថយន្ត និងត្រូវរថយន្តកិនស្លាប់យ៉ាងអាណោចអធ័ម ចំណែកបងស្រី និងបុរសជាគូដណ្តឹង ទទួលរងរបួសធ្ងន់ស្រាល។ ដោយឡែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនបានភ្លាមៗ និងបានយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកស្អាង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាត់បញ្ជូនជនរងគ្រោះទាំង២នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកម៉ូតូ និងរថយន្ត បន្ទាប់ពីធ្វើការវាស់វែងរួចរាល់ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕