ខេត្តបាត់ដំបង ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់បង្ខំ វាយដំរំលោភកូនស្រីបង្កើតរបស់ខ្លួនចំនួន២នាក់ រហូតដល់បានសម្រេចជាបន្តបន្ទាប់ជាច្រើនលើកច្រើនសារ អស់រយៈពេល២ខែ ទើបរឿងរ៉ាវបានបែកធ្លាយ និងត្រូវបានសមត្ថកិច្ចចាប់អូសកយកទៅចាត់ការតាមច្បាប់។
ករណីឪពុកបង្កើតវ៉ៃដំបង្ខំរំលោភកូនស្រីដល់ទៅ២នាក់រហូតដល់បានសម្រេចជាច្រើនលើកច្រើនសារនេះ បានកើតឡើងតាំងពីអំឡុងខែឧសភា ឆ្នាំ២០១៨មកម៉្លេះ នៅចំណុចផ្ទះជួលរបស់ខ្លួន ស្ថិតក្នុងភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ។ ហើយលើកចុងក្រោយ ដែលជនសង្ស័យល្មោភកាមរូបនេះចាប់រំលោភកូនស្រីខ្លួនឯងនោះ គឺនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។
បន្ទាប់មក នៅពេលរឿងរ៉ាវបែកធ្លាយ ក៏ត្រូវ សមត្ថកិច្ចចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខសកលវិទ្យាល័យបៀលប្រាយ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីបង្កើត២នាក់នេះ មានឈ្មោះឡុង សុធា អាយុ៣៨ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិក្បាល ស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សព្វថ្ងៃស្នាក់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះឡ.ល.ត អាយុ៨ឆ្នាំ និងទី២-ឈ្មោះឡ.ដ.ឡ ហៅណ.វ អាយុ០៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ។
តាមប្រភពពីសមត្ថកិច្ចស្រុកឯកភ្នំ បានឱ្យដឹងថា កាលពីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះឡុង សុធា ទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ក្នុងករណី រំលោភនិងធ្វើទារុណកម្មលើកូនស្រីបង្កើតរបស់ខ្លួនដល់ទៅ២នាក់៕