Sunday, November 17, 2024
Homeតារាខ្មែរឈិត សុជាតា ខ្លោចចិត្ត អាណិតទារកឆែបមាត់ ឪម៉ែបោះបង់ចោល

ឈិត សុជាតា ខ្លោចចិត្ត អាណិតទារកឆែបមាត់ ឪម៉ែបោះបង់ចោល

ចាត់ទុកជាទឹកចិត្តដ៏ប្រពៃមួយ សម្រាប់ពិធីការិនីសាច់សខ្ចី និងជាថៅកែស្រីក្រុមហ៊ុនទេសចរណ៍ គឺអ្នកនាងឈិត សុជាតា ដែលមានចិត្តអាណិតអាសូរនាំយកអំណោយសង្គ្រោះដល់ទារកអភ័ព្វម្នាក់ កើតមកពិកល្យពិការឆែបមាត់ ពិការភ្នែកម្ខាង ម្ខាងទៀតឡើងបាយ រលាកខ្នង និងគូទ ពិសេសត្រូវឪពុកម្តាយបង្កើតមកហើយឃើញសភាពបែបនេះ ក៏បោះបង់ចោលក្នុងមន្ទីរពេទ្យកុមារជាតិ និងត្រូវបានក្រុមគ្រូពេទ្យចិត្តធម៌ បណ្តាក់គ្នាជួយមើលថែ។

អ្នកនាងឈិត សុជាតា កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានគេប្រទះឃើញលេចមុខនៅក្នុងមន្ទីរពេទ្យកុមារជាតិ ដើម្បីចុះសួរសុខទុក្ខ និងនាំយកនូវសម្លៀកបំពាក់ សម្ភារៈអំណោយសង្គ្រោះមួយចំនួន ជូនដល់ទារកអភ័ព្វឆែបមាត់ត្រូវឪពុកម្តាយបោះបង់ចោលក្នុងមន្ទីរពេទ្យ ព្រមទាំងសម្តែងនូវអារម្មណ៍អាណិតខ្លោចចិត្តចំពោះទារកអភ័ព្វខាងលើ ដែលមិនគួរកើតមកមានវាសនាមិនល្អបែបនេះសោះ។

សម្ភារៈ ក៏ដូចជាអំណោយសង្គ្រោះដែលអ្នកនាងឈិត សុជាតា ផ្តល់ឱ្យទារកអភ័ព្វខាងលើ រួមមានសម្លៀកបំពាក់ទារក ស្រោមដៃ ស្រោមជើង មួក កាបូប ក្រណាត់ កន្សែង ភួយ កម្រាល ត្រជាក់ ក្រដាសសើម ព្រមទាំងសម្ភារៈមួយចំនួនទៀត ដែលជាតម្រូវការចាំបាច់សម្រាប់ទារកប្រើប្រាស់ប្រចាំថ្ងៃ។ សម្ភារៈ និងសម្លៀកបំពាក់ទាំងនេះ ត្រូវបានអ្នកនាងឈិត សុជាតា អះអាងថា គឺជារបស់កូនប្រុសស្រីរបស់នាង ដែលធ្លាប់ប្រើប្រាស់រួចមកហើយ ប៉ុន្តែវានៅថ្មីល្អ ហើយពេលនេះ កូនៗរបស់នាងក៏ធំឡើង បន្តិចឈប់ប្រើប្រាស់ ក៏ត្រូវនាងនាំយកមកឱ្យទារកអភ័ព្វខាងលើប្រើប្រាស់វិញម្តង សង្ឃឹមថា នឹងអាចជួយសម្រាលការលំបាកបានខ្លះ។

តាមរយៈវីដេអូឡាយរបស់អ្នកនាងឈិត សុជាតា ចេញពីក្នុងមន្ទីរពេទ្យ ខណៈដែលនាងបានទៅដល់ឃើញផ្ទាល់ភ្នែកនូវស្ថានភាពទារកអភ័ព្វខាងលើ អ្នកនាងឈិត សុជាតា បានរៀបរាប់ថា “បងប្អូនទាំងអស់គ្នា កាលពីយប់មិញហ្នឹង នាងខ្ញុំបានឃើញគេស៊ែរវីដេអូទាក់ទងនឹងអាអូនមួយ ដែលគាត់ត្រូវម៉ែឪបោះបង់ចោលនៅពេទ្យកុមារជាតិ គ្នាឆែបមាត់ ភ្នែកឡើងបាយ១ចំហៀង ប៉ុន្តែតាមព័ត៌មានពីខាងអ្នកគ្រូពេទ្យ ដែលជួយមើលថែ បានប្រាប់ថា មន្ទីរពេទ្យបានទទួលបីបាច់២ខែមកហើយ ចំណែកម៉ែឪក្មេងហ្នឹង របៀបថា គ្នាធ្វើការរោងចក្រ គ្មានក្រអត់មានលទ្ធភាព ឃើញកូនអ៊ីចឹង ក៏រត់គេចបាត់ឈឹងទៅ ក្រោយពីបានឃើញព័ត៌មាននេះ ថ្ងៃនេះ ខ្ញុំបានយកសម្ភារៈកូនក្មេងក្រដាសសើម និងខោអាវមួយចំនួន យកមកជួយអាអូន ទុកបានផ្លាស់ប្តូរអីទៅ តាមការពិតទៅគាត់ទទួលបានការមើលថែទាំយ៉ាងដិតដល់ពីលោកគ្រូ អ្នកគ្រូពេទ្យនៅមន្ទីរពេទ្យកុមារជាតិ បានល្អណាស់ គ្រាន់តែថា គ្នាគ្មានឪពុកម្តាយមើលថែទាំ អ៊ីចឹងទេថ្ងៃនេះ នាងខ្ញុំឆ្លៀតមកមើលគាត់ អាណិតគាត់ ព្រោះធម្មតា ខ្ញុំក៏ធ្លាប់មានកូនដែរ ពេលឃើញអ៊ីចឹង ខ្ញុំមើលនឹងភ្នែកមិនកើតទេ អាណិត ហើយឆ្លៀងឱកាសហ្នឹង ក៏ឡាយវីដេអូ ទៅអំពាវនាវដល់ខាងអង្គការផ្សេងៗ ក្រែងមានអង្គការទ្រទ្រង់លើកុមារទុរគតគ្មានឪពុក ម្តាយយកទៅបីបាច់ថែរក្សាគាត់…”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Muoykeang Ly បានបង្ហោះនូវរូបភាព ព្រមទាំងវីដេអូឃ្លីបមួយ បង្ហាញពីស្ថានភាពដ៏គួរឱ្យសង្វេគរបស់ទារកអភ័ព្វម្នាក់ ដែលកើតមកមានកាយសម្បទាមិនគ្រប់លក្ខណៈ មានមាត់ឆែប ភ្នែកឡើងបាយម្ខាង ព្រមទាំងត្រូវឪពុកម្តាយបោះបង់ចោលក្នុងមន្ទីរពេទ្យទៀតផង។

ជាមួយនេះ ម្ចាស់គណនីបានបង្ហោះសារមួយថា “អាណិតណាស់លោកអើយ ម្តាយបោះចោលនៅពេទ្យកុមារជាតិ ព្រោះកើតមកឆែបមាត់ ពិការភ្នែកទាំងសងខាង ឥឡូវគូទរលាកខ្លាំងឡើងដំបៅ យំរហូត បានពេទ្យនិងឪពុកម្តាយអ្នកជំងឺមួយចំនួនជួយមើល ជួយស៊ែរផង  ក្រែងមានសប្បុរសជន ឬអង្គការណាជួយ ព្រោះពេទ្យរវល់ណាស់ ក្រែងគាត់មិនមានពេលបានមើលដិតដល់ (មិនមែនបន្ទោសពេទ្យទេ) ខ្វះខាតខោអាវ ខោទឹកនោម ម្សៅ ក្រដាសសើម គាត់នៅមន្ទីរពេទ្យកុមារជាតិ អគារ A អរគុណដល់មន្ទីរពេទ្យកុមារជាតិ និងអាណាព្យាបាល អ្នកជំងឺមួយចំនួន ដែលបានជួយមើល…”៕

RELATED ARTICLES