ខេត្តកោះកុង៖ ស្ត្រីម្នាក់ ដោយខ្ជិលធ្វើម្ហូបហូប ក៏ឱ្យប្តីហូបម្ហូបដែលសល់ពីព្រឹក លុះប្តីមិនព្រម ក៏សុំលុយប្រពន្ធដើម្បីទៅទិញមីមកឆុងហូបវិញ តែប្រពន្ធមិនឱ្យ ធ្វើឱ្យប្តីផ្ទុះកំហឹង ក៏ស្ទុះទៅវាយដំទាត់ធាក់ប្រពន្ធ បណ្តាលឱ្យបែកភ្នែក រងរបួសធ្ងន់ ទីបំផុតប្រពន្ធទ្រាំមិនបាន ក៏ប្តឹង ប៉ូលិសចាប់ប្តីនាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សា ប្តីខឹងសុំលុយប្រពន្ធអត់បាន វ៉ៃប្រពន្ធបែកភ្នែកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង០៥ នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
ជនបង្កជាប្តីឈ្មោះស.ម អាយុ៣៣ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម មុខរបរលក់ដូរ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះរ.អ.ស អាយុ៣៥ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម មុខរបរលក់ដូរ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាប្រពន្ធដោយសារតែខ្ជិលធ្វើម្ហូបហូបពេលល្ងាច ក៏ឱ្យប្តីហូបសម្ល ដែលសល់តាំងពីព្រឹក ប៉ុន្តែប្តីហូបមិនចូល ក៏សុំលុយប្រពន្ធយកទៅទិញមីកញ្ចប់ ដើម្បីយកមកឆុងហូបជំនួសបាយវិញ ប៉ុន្តែប្រពន្ធមិនឱ្យ និងថែម ទាំងបន្ទោសប្តីថា ចាំបាច់ហូបរើសម៉្លេះ មានម្ហូបហើយ នៅទៅរកទិញមីឆុងហូបទៀត។
ដោយសារតែសុំលុយប្រពន្ធទៅទិញមីឆុងហូបមិនបាន ហើយបែរជាត្រូវប្រពន្ធស្តីបន្ទោសឱ្យទៀត ទើបធ្វើឱ្យបុរសជាប្តីផ្ទុះកំហឹង ក៏កើតជាទំនាស់តឹងសរសៃកដាក់គ្នា រហូតផ្ទុះជាអំពើហិង្សា ដោយបុរស ជាប្តីបានស្ទុះទៅវាយតប់ប្រពន្ធយ៉ាងចាស់ដៃ បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធ ទទួលរងរបួសបែកភ្នែកខាងឆ្វេង។
ក្រោយពីត្រូវប្តីវាយដំបណ្តាលឱ្យរងរបួសរួចមក ស្ត្រីរងគ្រោះជាប្រពន្ធកើតទុក្ខមិនសុខចិត្ត ក៏ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ដងទង់ ដើម្បីឱ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍៕