ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ បានចូលទៅម៉ាស្សាក្នុងហាងម៉ាស្សាបែបបុរាណខ្មែរមួយកន្លែង លុះម៉ាស្សារួចបើកកាបូបមើល ទើបដឹងថាបាត់លុយអស់ជាង១ពាន់ដុល្លារ ក៏សួរនាំម្ចាស់ហាង និងនារីម៉ាស្សា តែត្រូវពួកគេប្រកែក ជាហេតុធ្វើឱ្យបុរសចិន កើតទុក្ខមិនសុខចិត្តក៏ប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាបែបខ្មែរបុរាណមួយ ស្ថិតនៅផ្ទះលេខ 95Eo ផ្លូវលេខ១១៣ កែងផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។
តាមសម្តីបុរសរងគ្រោះជាជនជាតិចិន សុំមិនបញ្ចោញឈ្មោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានទៅដកលុយនៅ ទូអេធីអឹម ធនាគារ ANZ Royal ចំនួន១១០០ដុល្លារ។
បន្ទាប់មក ដោយសារមិនសូវស្រួលខ្លួនទើបចូលមកម៉ាស្សានៅទីតាំងកើតហេតុខាងលើ រួចហើយបានចេញមកវិញ ឆែកមើលក្នុងកាបូប ទើបដឹងថាបាត់លុយចំនួន១១០០ដុល្លារ។ ភ្លាមៗនោះរូបគាត់ក៏បានចូលទៅទាមទារលុយរបស់គាត់ដែលបាត់ក្នុងហាងនោះវិញ ស្រាប់តែម្ចាស់ហាងប្រកែកថាមិនបានយក និងស្របពេលបុគ្គលិកដែលម៉ាស្សាឱ្យគាត់ផ្ទាល់បានគេចខ្លួនបាត់ទៅ ហើយ។
តាមសម្តីបុរសម្នាក់ជាម្ចាស់ហាងម៉ាស្សាខាងលើ បានប្រាប់ឱ្យដឹងថា រូបគាត់មិនដឹងបុគ្គលិករបស់គាត់យកលុយភ្ញៀវនោះទេ តែរូបគាត់បានព្រមឱ្យលុយទៅជនរងគ្រោះចំនួន៥០០ដុល្លារវិញ ព្រោះថាអាណិតជនរងគ្រោះគ្មានលុយជិះយន្តហោះទៅស្រុកកំណើតវិញ តែជនរងគ្រោះមិនព្រមទទួលយក ដោយចង់បានលុយដែលបាត់ឱ្យបានគ្រប់ចំនួន។
ក្រោយកើតហេតុ ដោយសារតែជនរងគ្រោះមិនសុខចិត្ត ក៏សុំឱ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ ហើយនាំខ្លួនជនរងគ្រោះ និងម្ចាស់ហាងម៉ាស្សាខាងលើចំនួន៣នាក់ ប្រុសម្នាក់និងស្រី២នាក់ យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដើម្បីសួរនាំរឿងហេតុនោះ។ ចុងក្រោយ ម្ចាស់ហាងម៉ាស្សាខាងលើបានប្រគល់លុយគ្រប់ចំនួន១១០០ដុល្លារ ដែលជនរងគ្រោះបាត់ឱ្យទៅម្ចាស់ដើមវិញ៕