ខេត្តបាត់ដំបង ៖ យុវជនម្នាក់ បានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីម្នាក់ទើបនឹងមានអាយុ១៤ឆ្នាំ និងថែមទាំងធ្លាប់ល្បួងសង្សារ វ័យក្មេងទៅដើរលេងជាញឹកញាប់ និងធ្លាប់បានត្រូវរ៉ូវគ្នារួមរ័ករហូតដល់បានសម្រេចដល់ទៅ៣ដង លុះចុងក្រោយ ត្រូវម្តាយខាងស្រីតាមទាន់ ក៏ចាប់ក្របួចយកមកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ករណីយុវជនឈាមរាវ ល្បួងកូនស្រីគេដើរលេង និងលួងលោមរួមរ័កបាន៣ដង រហូតត្រូវម្តាយខាងស្រីតាមទាន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលារ១និង៣០នាទីសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។
យុវជនដែលក្លាយខ្លួនជាអ្នកទោសស្នេហា មានឈ្មោះអេន ចិន អាយុ២១ឆ្នាំ រស់នៅភូមិឃុំដែលសមត្ថកិច្ចចុះឃាត់ខ្លួនខាងលើ។ ចំណែក ក្មេងស្រីរងគ្រោះខ.ស.ណ អាយុ១៤ឆ្នាំ មានលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន។
លោកពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបាននគរបាលស្រុកសំពៅលូនឃាត់ខ្លួន ក្រោយពីម្តាយក្មេងស្រីរងគ្រោះ បានប្តឹងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ដោយចោទប្រកាន់យុវជននេះថា បានល្បួងកូនស្រីគាត់យកទៅរំលោភ ជាច្រើនលើកច្រើនសារ ហើយទើបតែបែកធ្លាយរឿងអាស្រូវនៅពេលនេះ ដោយសារគាត់តាមទាន់។ ក្រោយទទួលបានបណ្តឹងខាងលើនេះ ភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនភ្លាមៗដែរ។
តាមសម្តីម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមកគាត់មិនដែលដឹងថាកូនស្រីមានពាក់ព័ន្ធនឹងយុវជនឈ្មោះអេន ចិន នេះទេ ទើបតែមួយរយៈចុងក្រោយនេះមានការសង្ស័យអំពីសកម្មភាពពួកគេ ក៏ធ្វើការតាមដាន ស្រាប់តែបានតាមទាន់នៅពេលឈ្មោះចិន នាំកូនស្រីគាត់ទៅដើរលេងក្រៅខេត្ត ទើបគាត់ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអេន ចិន បានឆ្លើយសារភាពថា រវាងរូបគេ និងក្មេងស្រីរងគ្រោះខាងលើ បានស្រឡាញ់គ្នា ដោយស្មោះស្ម័គ្រ ហើយធ្លាប់បានរួមមេត្រីជាមួយគ្នា៣លើក ដោយគ្មានការបង្ខិតបង្ខំពីភាគីណាមួយនោះទេ ហើយចុងក្រោយនេះ ខ្លួនបាននាំនាងទៅដើរលេង ក៏ត្រូវម្តាយនាងតាមរកឃើញ ទើបបែកធ្លាយរឿងនេះតែម្តង៕