ខេត្តកណ្តាល ៖ បុរសម្នាក់ បានត្អូញប្រាប់ម្តាយថាឈឺក្បាល លុះម្តាយទៅសុំថ្នាំពីមណ្ឌលសុខភាពមកលេបរួច ក៏សុំលុយម្តាយយកទៅ ទិញស្រាបៀរផឹក លុះផឹកស្រវឹង ក៏រត់ទៅសម្ងំចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៥៤នាទី ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះសល់ តាក់ អាយុ២៦ឆ្នាំ មុខរបរកសិករ អត់ទាន់មានប្រពន្ធនៅឡើយ មានលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះហុង ស៊ូយ អាយុ៦០ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ គាត់បានទិញនំបញ្ចុកឱ្យកូនប្រុសហូប លុះហូបរួចកូនប្រុសក៏ត្អូញថាឈឺក្បាល ទើបគាត់បានទៅមណ្ឌលសុខភាពឃុំសំរោងលើ សុំថ្នាំពីគ្រូពេទ្យ មកឱ្យកូនប្រុសលេបចំនួន៣ថ្ងៃ ហើយកូនប្រុសទើបនឹងលេបបានតែ១ដងប៉ុណ្ណោះ។ លុះលេបថ្នាំរួច បានមួយសន្ទុះ នៅវេលាេម៉ោង១១និង១៥នាទីថ្ងៃដដែល កូនប្រុសរូបនេះ បានប្រើឱ្យក្មួយប្រុសម្នាក់ទៅទិញស្រាបៀរ២កំប៉ុងមកផឹក ហើយ អង្គុយផឹកតែម្នាក់ឯង។
ស្ត្រីជាម្តាយបន្តថា លុះពេលផឹកអស់ កូនប្រុសនេះ បានសុំលុយគាត់ទៅទិញស្រាបៀរ១កំប៉ុង យកមកផឹកទៀត ទើបគាត់បានឱ្យលុយ កូនប្រុសទៅទិញស្រាបៀរ១កំប៉ុងយកមកផឹក ហើយអង្គុយលេងផ្ទះបាយ ដោយគាត់ក៏អង្គុយជាមួយកូនប្រុសដែរ។ លុះបន្តិចក្រោយមក គាត់បានចូលទៅហូបបាយនៅក្នុងផ្ទះ លុះហូបរួចចេញមកវិញ ក៏បាត់កូនប្រុស លុះស្រែកហៅមិនលឺ គាត់ក៏ដើរទៅរុញទ្វារបន្ទប់ទឹកស្រាប់តែ ឃើញជាប់គន្លឹះពីខាងក្នុង ទើបគាត់ស្រែកហៅកូនប្រុសដែរ តែមិនលឺឆ្លើយ ក៏នាំគ្នាគាស់ទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញកូនប្រុសរបស់ គាត់ចងកស្លាប់បាត់ទៅហើយ៕