រយៈពេលជិត៨ឆ្នាំ ដែលឱក សុគន្ធកញ្ញា ក្លាយជាតារាចម្រៀងស្រីលំដាប់ជួរមុខគេ គ្មានអ្នកណាអាចបំបាក់បាននៅផលិតកម្មហង្សមាស ធ្វើឱ្យអតីតតារាចម្រៀងផលិតកម្មសាន់ដេនេះ រកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ ទាំងការច្រៀង Concert និងស្ពតពាណិជ្ជកម្មផ្សេងៗទៀត។
ជោគជ័យរបស់ឱក សុគន្ធកញ្ញា មិនមែនជារឿងចៃដន្យឡើយ ព្រោះនាងត្រូវបានជ្រោមជ្រែងពីគូស្នេហ៍ លោកអ៊ឹង សុខលី ដែលជាប្អូនប្រុសថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ទើបធ្វើឱ្យតារាចម្រៀងស្រីៗមួយចំនួននៅហង្សមាស ដែលចង់ប្រជែងជាមួយសុគន្ធកញ្ញា នោះ ពួកគេមិនហ៊ានតតាំងឡើយ សុខចិត្តនៅស្ងៀម ព្រោះយល់ថា ជាប្អូនថ្លៃ តែសុគន្ធកញ្ញា ផ្ទាល់ ត្រូវបានតារារួមអាជីព បានឱ្យដឹងថា នាងមិនដែលអួតអាងថា ខ្លួនជាប្អូនថ្លៃថៅកែហង្សមាស នោះទេ គឺចរិតយ៉ាងម៉េចពីមុន នៅដដែល ហេតុនេះហើយបានជាធ្វើឱ្យតារាចម្រៀងមួយចំនួននៅតែសរសើរលើនាង បើទោះជាគេគ្រប់គ្នាមើលឃើញថា សុគន្ធកញ្ញា កាន់តែមានឥទ្ធិពលជាងមុនក៏ដោយ។
អ្នកសិល្បៈជ្រកកោនក្រោមដំបូលផលិតកម្មរស្មីហង្សមាស បានឱ្យដឹងថា នៅឆ្នាំ២០១៨ នេះ ជាឆ្នាំដែលឱក សុគន្ធកញ្ញា បានសម្រេចគោលដៅក្នុងជីវិតសឹងគ្រប់បែបយ៉ាងទាំងអស់ គឺជោគជ័យទាំងចម្រៀង និងស្នេហាព្រមគ្នាតែម្តង បន្ទាប់ពីនាងបានភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នោះមក។
តារាចម្រៀងរួមក្រោមដំបូលហង្សមាស នោះ បានបន្ថែមទៀតថា សុគន្ធកញ្ញា បានកប់ចោលស្នេហ៍ចាស់ជាមួយតន្ត្រីករ រ៉េតធី ដូណា ត្រឹមឆ្នាំ២០១៨នេះហើយ បើទោះជាពេលនេះ ហង្សមាស បានចាត់ទុកសុគន្ធកញ្ញា ថាជាតារាស្រីសំខាន់ជាងគេ ដោយលើកស្ទួយទាំងចម្រៀង និងតំណែងជាគណៈកម្មការ និងគ្រូបង្វឹកកម្មវិធីធំ ដល់ទៅ៣ព្រមគ្នា គឺ Cambodian Idol, The Voice Cambodia និង The Voice Kids Cambodia នោះមែន តែបើសុគន្ធកញ្ញា មិនមានសមត្ថភាពនោះទេ គឺហង្សមាស និងផ្លាស់ប្តូរចេញភ្លាម គឺមិនគិតថាជាប្អូនថ្លៃថៅកែទេ ព្រោះក្រុមហ៊ុនគេរកស៊ី។ ប៉ុន្តែ ទាំងការលើកស្ទួយក្នុងការផ្តល់បទចម្រៀង និងតំណែងធំ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកនោះ គឺស័ក្តិសមជាមួយសុគន្ធកញ្ញា ទទួលបាន ហេតុនេះហើយបានជានាងកាន់តែឡើងកូដ។ យ៉ាងណា គេរង់ចាំមើលថា តើឱក សុគន្ធកញ្ញា និងដឹកដៃលោកអ៊ឹង សុខលី ចូលរោងការនៅពេលណា ក្រោយទិញវីឡាទ្រនំស្នេហ៍២៤ម៉ឺនដុល្លារ នៅបុរីអ័រគីដេវីឡា ជិតណតប៊្រីដ និងសម្ពោធចំថ្ងៃភ្ជាប់ពាក្យនោះ?៕