ពេជ្រ សោភា បានប្រកាសក្តែងៗថា នៅឆ្នាំ២០១៦នេះ នាងមានជំងឺ២ប្រភេទ ដែលកំពុងរួមរឹត កាយានាង នោះគឺជំងឺឈាមសស៊ីឈាមក្រហម និងជំងឺដែលពិបាកក្នុងការព្យាបាលនោះ គឺជំងឺ “បាក់ទឹកចិត្ត” ហើយនាងនឹងដើរចេញពីផលិតកម្មរស្មីហង្សមាស ប្រសិនបើចាប់ពីខែសីហា ដល់ខែធ្នូ ២០១៦នេះ នៅតែមិនឃើញនាងឡើងច្រៀងតាមបណ្តាឆាកតន្ត្រីរបស់ហង្សមាស នោះ។
ការថ្លែងបែបនេះរបស់ពេជ្រ សោភា ធ្វើឱ្យមហាជនជាច្រើនបានអន្ទះសារង់ចាំមើលថា តើពេជ្រ សោភា ដែលផ្ញើខ្លួនជាមួយហង្សមាស ១១ឆ្នាំទៅហើយនោះ ពិតជាត្រូវបាយៗទ្រនំធំនេះមែនឬយ៉ាងណា?
ប៉ុន្តែ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ពេជ្រ សោភា បានបង្ហាញខ្លួនលើឆាកតន្ត្រីប៉ុស្តិ៍ បាយ័ន ក្នុងកម្មវិធីប្រគំតន្ត្រី “តន្ត្រីយុវវ័យ” ជាមួយដៃគូលោកងួន ចាន់ដេវីដ ដែលនេះបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ពេជ្រ សោភា នៅមិនដាច់អាល័យពីផលិតកម្មរស្មីហង្សមាសឡើយ ពោលគឺនៅតែបន្តជាមួយទ្រនំនេះទៅទៀត ថ្វីត្បិតតែពេលខ្លះ នាងមិនសូវសប្បាយចិត្តជាមួយទ្រនំនេះក្តី។
ប្រភពបានឱ្យដឹងថា ពេជ្រ សោភា មានការខកចិត្តជាមួយផលិតកម្មរស្មីហង្សមាស ដែលមានឱក សុគន្ធកញ្ញា ជាតួឯកនោះ ហើយរាល់បទចម្រៀងល្អៗ តែងតែធ្លាក់ទៅលើសុគន្ធកញ្ញា មុនគេ ហេតុនេះហើយបានជាសោភា មិនសូវសប្បាយចិត្តឡើយ ទើបប្រកាសឈឺធ្ងន់ “បាក់ទឹកចិត្ត” នេះ។ ប៉ុន្តែ តារានៅហង្សមាស មួយចំនួន និយាយថា ហង្សមាស ក៏ផ្តល់សិទ្ធិឱ្យសោភា ខ្លាំងដែរ ដូចជាការបើកដៃឱ្យធ្វើបទចម្រៀងដោយខ្លួនឯង នូវការនិពន្ធបទភ្លេង ទំនុកច្រៀង ដែលសោភា ត្រូវបានលើកសរសើរពីនាយករដ្ឋមន្ត្រីថែមទៀត បន្ទាប់ពីនាងនិងលោកដេវីដ ចាប់ដៃគ្នាធ្វើបទចម្រៀងផ្ទុះវ៉ុលចូលឆ្នាំមក។
តារាម្នាក់នៅហង្សមាស បន្ថែមថា “ប៉ុណ្ណឹងហើយសោភា នៅចង់បានអីទៀត ចង់ចេញទៅណា? បើឱក សុគន្ធកញ្ញា មានបទល្អៗច្រៀង ចុះយើងជាអ្នកធ្វើខ្លួនឯង ហ្នឹងម៉េចក៏មិនធ្វើឱ្យល្អដែរទៅ?”៕