តារាចម្រៀងដែលមានឥទ្ធិពលជាងគេនៅផលិតកម្មថោន លោកករុណា ពេជ្រ បានបញ្ចោញប្រតិកម្មធ្ងន់រិះគន់ទៅលើលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងប្រធានចលនាសង្គ្រោះជាតិ ដែលបានបញ្ចេញសារជាសាធារណៈ កាលពីពេលថ្មីៗនេះ ដោយចោទថា ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ជាចំណាប់ខ្មាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តារាចម្រៀងផលិតកម្មថោន បានថ្លែងសារថា “ក្នុងនាមខ្ញុំជាកូនខ្មែរ មួយរូប ពិតជាមិនសប្បាយចិត្តសោះ នៅពេលដែលឃើញបុគ្គលម្នាក់នេះ យកព្រះមហាក្សត្រមកលេងសើច ដើម្បីបម្រើនយោបាយរបស់ខ្លួន ទាំងបំពានបែបនេះ។ តាំងពីខ្ញុំដឹងក្តីមក ហើយមានការបោះឆ្នោត តាំងពីឆ្នាំ1993 មក ព្រះមហាក្សត្រ មិនដែលបោះឆ្នោតទេ ព្រោះព្រះអង្គប្រកាន់ជំហរអព្យាក្រិត មិនលំអៀងខាងណាមួយទេ”។
ប្រតិកម្មរបស់លោកករុណា ពេជ្រ នៅពេលនេះ ក្រោយពេលដែលលោកសម រង្ស៊ី បានសរសេរសារភ្ជាប់ជាមួយព្រះឆាយាលក្ខណ៍របស់ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ដោយសង្កត់ធ្ងន់ថា “ទោះបីព្រះអង្គជាចំណាប់ខ្មាំងរបស់លោកហ៊ុន សែន យ៉ាងណាក៏ដោយ ព្រះអង្គមិនទៅបោះឆ្នោតទេ ថ្ងៃទី29 ខែកក្កដា ឆ្នាំ 2018 នេះ សូមបងប្អូនជនរួមជាតិ ធ្វើតាមព្រះអង្គទាំងអស់គ្នា នៅថ្ងៃបោះឆ្នោតក្លែងក្លាយនោះ សូមធ្វើអព្យាក្រិត ដូចព្រះអង្គចុះ!”។
ក្រោយការថ្លែងសាររបស់លោកសម រង្ស៊ី នេះ បានធ្វើឱ្យអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ផ្ទុះប្រតិកម្មជាខ្លាំង ខណៈដែលលោកសម រង្ស៊ី បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី15 ខែកក្កដា ឆ្នាំ2018 ថា រឿងនោះ បើគ្មានអ្នកណាហ៊ាននិយាយទុក ឱ្យលោកជាអ្នកនិយាយទៅចុះ ព្រោះជារឿងពិត។
ករុណា ពេជ្រ មិនសូវមានសកម្មភាពសិល្បៈដូចមុនទេ រយៈពេលចុងក្រោយនេះ ហើយថែមទាំងបាត់បង់តំណែងជាអ្នកគ្រប់គ្រងផលិតកម្មថោន ធ្លាក់ក្នុងកណ្តាប់ដៃលោកមាស សុខរតនៈ បងប្រុសមាស សុខសោភា ទៀតផង។
តារាចម្រៀងករុណា ពេជ្រ ជាសកម្មជនលេចធ្លោម្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលលោកតែងលេចមុខដង្ហែឃោសនាឱ្យបក្ស CPP គ្រប់អាណត្តិទាំងអស់៕