Sunday, November 17, 2024
Homeតារាខ្មែរសិល្បករកម្ពុជា ធ្វើអធិដ្ឋានបួងសួងឱ្យប្រទេសជប៉ុន រួចផុតគ្រោះភ័យ

សិល្បករកម្ពុជា ធ្វើអធិដ្ឋានបួងសួងឱ្យប្រទេសជប៉ុន រួចផុតគ្រោះភ័យ

ភ្នំពេញ ៖ សិល្បករកម្ពុជា ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ បានសម្រេចធ្វើការរៀបចំកម្មវិធីអធិដ្ឋានមួយ ក្នុងបំណងបួងសួងឱ្យប្រទេសជប៉ុន ដែលជាប្រទេសម្ចាស់ជំនួយ តែងផ្តល់ជំនួយឧបត្ថម្ភយ៉ាងច្រើនលើសលប់ដល់ប្រទេសកម្ពុជា ឱ្យបានរួចផុតពីគ្រោះភ័យទាំងឡាយ ពិសេសគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ ដែលបង្កឱ្យមនុស្សជាង200 នាក់ បានបាត់បង់ជីវិត កាលពីពេលថ្មីៗនេះ។

អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ នៅថ្ងៃទី17 ខែកក្កដា ឆ្នាំ 2018 បានបង្ហោះសារមួយតាមរយៈគណនី ហ្វេសប៊ុកផ្ទាល់ខ្លួនថា “ព្រឹត្តិការណ៍អធិដ្ឋាន ចំពោះប្រទេសជប៉ុន និងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី20 ខែកក្កដា បរិវេណស្តាតចាស់ សូមចូលរួមទាំងអស់គ្នា ដើម្បីបួងសួងដល់ប្រទេសម្ចាស់ជំនួយរបស់យើង បងប្អូនអាចចូលរួមដោយសេរី សូមបងប្អូនដែលចូលរួម សូមមេត្តាពាក់អាវស និងមានទៀនមួយកែវ…”។

យោងតាមសេចក្តីព្រាងព្រឹត្តការណ៍អធិដ្ឋានចំពោះប្រជាជនជប៉ុន បានបញ្ជាក់ថា កម្មវិធីនឹងប្រារឰធ្វើឡើងនៅថ្ងៃទី20 ខែកក្កដា ឆ្នាំ2018 ខាងមុខ ចាប់ពីវេលាម៉ោង4រសៀល រហូតដល់វេលាម៉ោង7និង10នាទីយប់ថ្ងៃដដែល។

កម្មវិធីដែលប្រព្រឹត្តទៅ មានដូចជា ពិធីបង្សុកូល ការស្តាប់ និងច្រៀងបទចម្រៀង (Pray) ការសង្ខេបប្រវត្តិចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន ការសង្ខេបបញ្ហាជប៉ុន កំពុងជួបប្រទះ  និងទុក្ខលំបាករបស់ប្រជាជនជប៉ុន ការដុតទៀត និងលើកប៉ាណូ ការសមាធិ និងអធិដ្ឋាន ព្រមទាំងការបញ្ចោញចំណាប់អារម្មណ៍ពីអ្នកចូលរួម… ជាដើម។

ដោយឡែក នៅថ្ងៃដដែលនេះដែរ អ្នកនាងចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារមួយបន្ថែមទៀតថា “ទោះជាមិនសូវមានអ្នកចាប់អារម្មណ៍ ក៏យើងត្រូវតែបំពេញកាតព្វកិច្ច ក្នុងនាមបុគ្គលយើងដែលដឹងគុណប្រទេស ដែលជាម្ចាស់ជំនួយ ប្រទេសដែលមានសម្ព័ន្ធភាពល្អរបស់យើង។ ខ្ញុំគិតថា មិនសូវមានអ្នកចាប់អារម្មណ៍ច្រើនទេ សូម្បីតែប្រទេសនេះស្ទើរតែរលាយទាំងមូល ទាំងសំណង់ និងការបាត់បង់ជីវិត ប្រជាពលរដ្ឋដោយគ្រោះមហន្តរាយនៃធម្មជាតិ…”៕

RELATED ARTICLES